រាជធានីភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ប្រតិកម្ម ចំពោះចៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបម្នាក់ ដែលហ៊ានចេញលិខិតបញ្ជាក់ កិរិយាមាយាទ ឲ្យពលរដ្ឋ ខណដែលខ្លួនពុំមានសិទ្ធិ។ លោកបញ្ជាក់ថា មេឃុំមិនមានសិទ្ធិចេញការបញ្ជាក់ ដូចនេះទេ ព្រោះមេឃុំពុំមែនជាអ្នកគ្រប់គ្រង សាលក្រម ឬសាលដីកាតុលាការផ្តន្ទាទោស បុគ្គលណាម្នាក់នោះទេ! សូមពិនិត្យអត្ថបទក្រម នីតិវិធីព្រហ្មទណ្ឌ អំពីសមត្ថកិច្ចដែលមានតួនាទី អនុវត្តកិច្ចការនេះ! មេឃុំចៅសង្កាត់ត្រូវព្យាយាម ស្វែងយល់អំពីច្បាប់ ដើម្បីជៀសវាងកំហុសបែបនេះ ។
សូមជម្រាបថា មានរឿងភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មកពីគណបក្ស សង្គ្រោះជាតិ បានចេញលិខិតបញ្ជាក់ កិរិយាមាយាទដល់ប្រជាពលរដ្ឋ ដោយបានសរសេរថា៖ «យើងចៅសង្កាត់ សង្កាត់ស្វាយដង្គុំ សូមបញ្ជាក់ថា ណាប់ រើន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ កន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប, ជាប្រជាពលរដ្ឋ មានកិរិយាមាយាទស្លូតបូត មិនដែលប្រព្រឹត្តបទល្មើសណាមួយ ដែលនាំឲ្យការចោទប្រកាន់ពីតុលាការសោះឡើយ ។
ចៅសង្កាត់រូបនោះបានសរសេរបន្តថា ក្នុងនាមយើងជាចៅសង្កាត់ស្វាយដង្គុំ និងជាអ្នករស់ នៅក្នុងភូមិដូចគ្នា សូមធានាថាបុគ្គលខាងលើនេះមិនបានប្រព្រឹត្តដូចអ្វីដែល គេបានចោទ ប្រកាន់នោះទេ ។
ទង្វើរបស់លោកចៅសង្កាត់រូបនោះបានបង្ហាញថា គាត់មិនយល់អ្វីទាំងអស់អំពីតួនាទី ភារកិច្ច ឬច្បាប់ ហើយអាចនិយាយថា គាត់ជាមនុស្សល្ងង់មិនបានរៀនសូត្រ និងមិនមានសមត្ថភាពអាចដឹក នាំឃុំសង្កាត់នោះឡើយ ហើយមនុស្សដូចគ្នានេះ ត្រូវបានបក្សប្រឆាំងលើកឲ្យធ្វើមេឃុំចៅ សង្កាត់ច្រើនណាស់ ៕