ខេត្តក្រចេះ ៖ សាកសពស្ដ្រីវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលិចទឹកបឹងនៅខាងក្រោយផ្ទះ វេលាម៉ោង១៦នឹង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។
សាកសពមានឈ្មោះ តាត់ សាវ៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ក្រោយពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យលើសាកសព និងប្រមូលព័ត៌មានជុំវិញរឿងហេតុ អាចសន្និដ្ឋានបានថា គឺពិតជាស្លាប់ដោយលង់ទឹក នៅចន្លោះម៉ោងជាង២រសៀលថ្ងៃដដែល ។
ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ បានឲ្យដឹងថា សពស្ត្រីខាងលើ ជាស្ដ្រីមេមាយ មានកូន៧នាក់ មានជីវភាពក្រីក្រ ខ្វះខាតមុខក្រោយ ហើយគាត់តែងតែដើរទៅបេះបន្លែ ត្រកួន នៅបឹងខាងក្រោយផ្ទះយកមកស្លរ និងលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមកូនៗប្រចាំថ្ងៃ។
ប្រភពដដែល បានបន្តថា នៅថ្ងៃកើតហេតុគេឃើញស្ត្រីខាងលើផឹកស្រាស្រវឹង ហើយក៏ចុះទឹកបឹងបេះបន្លែដូចសព្វមួយដង ប៉ុន្តែជាអកុសបានលង់ទឹកបឹងស្លាប់ ដោយមិនមានកូនណាម្នាក់ដឹងឡើយ ។ លុះដល់ម៉ោងប្រហែល ១៦នឹង៣០នាទី មានប្រជាពលរដ្ឋទៅដាក់មង ក៏បានប្រទះឃើញសាកសព ហើយក៏ស្រែកឲ្យគេជួយស្រងឡើង ទើបកូនៗបានដឹងថា ម្ដាយលង់ទឹកបឹងក្រោយផ្ទះស្លាប់ ។
បច្ចុប្បន្នសពស្ត្រីខាងលើ ត្រូវបានកូនចៅយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ឋិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ៕