ខេត្តរតនគិរី ៖ អ្នកកាសែត២នាក់ក្នុងចំណោម៤នាក់ដែលត្រូវសមត្ថកិច្ចខេត្តរតនគិរីចាប់ខ្លួន ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមឈ្មួញឈើ កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការសម្រេចធ្វើការដោះលែងឲ្យនៅក្រៅឃុំចំនួន២រូប ខណៈដែលការដោះលែងនោះធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីលោក សួស ឡា ប្រធានតុលាការខេត្តរតនគិរី ។ លោកថា ការដោះលែងនេះគឺស្ថិតនៅលើភស្តុតាង។
អ្នកកាសែត២នាក់ ដែលត្រូវលែងគឺទី១មានឈ្មោះ ប៉េង សុថារ៉ាក់ អ្នកយកព័ត៌មាន ទូរទស្សន៍អនឡាញ CPN និងទី២ឈ្មោះ ម៉ី មេញហ៊ុយ អ្នកយកព័ត៌មានកាសែតដំណឹងភ្នំពេញ ។ ដោយឡែកអ្នកកាសែត២រូបទៀត មិនទាន់ត្រូវបានដោះលែងទេ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ អ្នកកាសែតចំនួន៤នាក់ ដែលមាន ១-ឈ្មោៈ យ៉ន ទិត្យ (ហៅទិត្យឦសាន) និពន្ធនាយករងសាព័ត៌មានយុវជនខ្មែរព័ត៌មាន, ទី២-ឈ្មោៈ ចាន់ រ៉ា ភេទស្រី ភ្នាក់ងារព័ត៌មាន TNM អនឡាញ, ទី៣-ឈ្មោៈ ប៉េង សុថារ៉ាក់ ភ្នាក់ងារព័ត៌មាន CPN អនឡាញនិងទី៤-ឈ្មោៈ ម៉ី ម៉េញហ៊ុយ ភ្នាក់ងារគេហទំព័រកាសែតដំណឹងភ្នំពេញ ត្រូវបានកងរាជអាវុធហត្ថខេត្តរតនគិរីចាប់ខ្លួនពីទីតាំងផ្សេងៗគ្នាតាមបណ្តឹងរបស់ក្រុមឈ្មួញឈើ ពាក់ព័ន្ធនឹងបទកំហែងយក និងជំរិតទារប្រាក់។
ទោះជាយ៉ាងណាជុំវិញសំណុំរឿងនេះដែរ សារព័ត៌មានយើងនៅមិនទាន់អាចទាក់ទងសុំការពន្យល់ពីលោក គង់ សាំងម៉េញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរីបាននៅឡើយទេ។
គួរបញ្ជាក់ថា ករណីចាប់អ្នកកាសែតខាងលើនេះ បានធ្វើឲ្យអ្នកកាសែតភាគច្រើនផ្ទុះការតវ៉ាដល់ស្ថាប័នពាក់ព័ន្ធសំខាន់ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែគេមើលឃើញថា ការចាប់ខ្លួនអ្នកកាសែតទាំង៤នាក់នោះ ធ្វើឡើងជាការផ្គាប់ចិត្តឈ្មួញឈើខុសច្បាប់ និងជាការគំរាមអ្នកកាសែត ដើម្បីកុំឲ្យឆាឆៅក្រុមឈ្មួញឈើតែប៉ុណ្ណោះ ៕