ទោះបីជាមានប្រឡាយទឹកស្រោចស្របតែកំពុងតែបង្ហូរទឹក ដែលសាងសង់ដោយក្រសួងធនធានទឹក និងឧតុនិយម បានឆ្លងកាត់ដល់វាលស្រែ ប្រជាពលរដ្ឋប្រមាណជា៤៥០ហិចតា ស្ថិតក្នុងភូមិចំនួន២ គឺភូមិតាណូក និងភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ រួចហើយក្តី ក៏ប្រព័ន្ធធារាសាស្ត្រទាំងនោះ នៅមិនទាន់អាចស្រោចស្រប បានគ្រប់ដីស្រែរបស់ប្រជាកសិករទាំងអស់នៅឡើយទេ។
លោក យ៉ឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ខេត្តឧត្តរមានជ័យចាប់ពីឆ្នាំនេះទៅមុខ គឺប្រជាកសិករ មិនខ្វះទឹកធ្វើស្រែរនោះទេ ដោយក្រសួងបានសាងសង់រួចរាល់ហើយ នូវទំនប់សំរាប់ស្តុកទឹកចំនួន៥ គឺទី១ ទំនប់អាងទឹក០៥ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដោយទឹកហូរចុះពីលើភ្នំដងរែកចូលមក បន្តហូរចូលទំនប់អាងទឹកទី២ គឺអាងស្តុកទឹកបឹងតាម៉ុក ស្ថិតក្នុស្រុកអន្លង់វែង ដែលបន្តហូរចូលទំនប់អាងទឹកទី៣ គឺទំនប់ថ្មី ស្ថិតក្នុងស្រុកអន្លង់វែងដូចគ្នា ហើយបន្តហូរចូលទំនប់ទី៤ គឺទំនប់អាងទឹកស្ទឹងស្រែងពីរ និងទំនប់ទឹកទី៥ គឺទំនប់អាងទឹកស្ទឹងស្រែងមួយ ស្ថិតក្នុងស្រុកចុងកាល់។
ប្រធានមន្ទីរបានបន្តថា អាងស្តុកទឹកទាំង៥ ខាងលើ មានសារសំខាន់ ក្នុងការស្តុកទឹកសំរាប់ប្រើប្រាស់គ្រប់រដូវផងដែរ។ ដោយគំរោង អាជ្ញាធរ និងមន្ត្រីជំនាញកំពុងចុះពិនិត្យជីកប្រឡាយប្រវែង១៧គីឡូម៉ែត្រ ចាប់ពីទំនប់អាងទឹកស្ទឹងស្រែងមួយ ក្នុងរំដោះទឹក បន្តទៅចែកចាយជាពីរ តាមប្រឡាយទឹក ដោយចូលទៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ឆ្លងតាមស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោកបន្តថា ទោះបីជាមានភ្លៀងធ្លាក់គ្រប់គ្រាន់ក្តី តែមានដីស្រែស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកចុងកាល់ ដីស្រែខ្លះមានទឹក និងមានស្រែខ្លះគ្មានទឹក ព្រោះជាដីទីទួលដូច្នេះ ហើយ ទើបក្រសួងផ្តល់នូវម៉ាស៊ីនបូមទឹក ជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ន ក្រោយពី ប្រឡាយមេនៅសងខាងផ្លូវ ប្រជាពលរដ្ឋអាចជីកប្រឡាយ បន្តតាមស្រែររបស់ខ្លួននីមួយៗ ដើម្បីនាំទឹកស្រោចស្របគ្រប់កន្លែងបាន៕