រាជធានីភ្នំពេញ ៖ យោងតាម Facebook ផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្តបានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហិបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួនហើយ នៅព្រឹកថ្ងៃទី១៨ខែសីហានេះដើម្បីរៀបចំឲ្យទាន់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១និង២២ខែសីហាឆ្នាំ២០១៧ ។
វិញ្ញាសានឹងត្រូវចែកចាយទៅកាន់មណ្ឌលប្រឡង១៧៨ទូទាំងប្រទេស ត្រូវជា៤.១៥៥បន្ទប់ ដែលមានបេក្ខជនសរុប១០៣.១១២នាក់ (ស្រី៤៧.៨៦១នាក់) ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
សូមរំលឹកថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តាមរយៈវីដេអូឃ្លីប ដែលបង្ហោះលើក Facebook ផ្លូវការរបស់ក្រសួងអប់រំ បានអំពាវនាវឲ្យប្អូនៗជាសិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កុំឲ្យមានការភ័យខ្លាច ហើយត្រូវតែមានជំនឿ ជាក់លើខ្លួនឯងនិងគោរពទៅតាមបទបញ្ញាត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា ៕