រាជធានីភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ គឺលោក ថេត គ្រូហ្ស ( Ted Cruz ) បានធ្វើការព្រមានថា នឹងពិចារណាបិទទិដ្ឋាការ VISA ចំពោះមន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធ ប្រសិនបើមិនដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងរយះពេល២០ថ្ងៃ ( មុនថ្ងៃទី៩វិច្ឆិកា ) ខាងមុខនេះ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រតិកម្មភ្លាមៗ ទៅនឹងការព្រមានរបស់ Tel Cruz សមាជិកព្រឹទ្ធសភាអាមេរិក ។ តាមរយះ Facebook លោក ផៃ ស៊ីផាន បានហៅសំដី សមាជិកព្រឹទ្ធសភានោះថា ជាការប្រមាថ និងឈ្លានពានដល់កិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ដែលមិនក្រោមចំណុះក៏ដូចជា ការប្រឆាំងយ៉ាងពិតប្រាកដ ដល់គោលនយោបាយបរទេស របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីសំណាក់សហរដ្ឋអាមេរិក។
លោក ផៃ ស៊ីផាន បញ្ជាក់ថា វិសោធនកម្មច្បាប់ជាសិទ្ធិផ្តាច់មុខ របស់សភាកម្ពុជាដែលតំណាង ឲ្យអធិបតេយ្យ កម្ពុជា គឺពុំមានជនណា ឬ ក្រុមណាទោះបីជាកម្ពុជាផ្ទាល់ ក៏ដូចជាបរទេសដែល ចូលជ្រៀតជ្រែកការងារនេះបានឡើយ។ នោះរាប់ទាំងច្បាប់ និងនីតិវិធី គឺជាផលប្រយោជន៍ ផ្តាច់មុខ របស់សមាជិកសភា នៅក្នុងកិច្ចការងារនេះ។
លោកបន្តថា ចំពោះការរំលាយគណបក្ស ក៏ជាដែនសមត្ថកិច្ចផ្តាច់មុខរបស់តុលាការកម្ពុជា នៅក្នុងការវិនិច្ឆ័យក្តីរបស់ខ្លួន ដែលឈរនៅលើអង្គសេចក្តី និងអង្គច្បាប់។ ការវិនិច្ឆ័យក្តីនេះ គឺស្ថិតនៅក្នុងនាម ក៏ដូចជាផលប្រយោជន៍របស់ពលរដ្ឋខ្មែរសុទ្ធសាធ គឺមិនស្ថិត ឬរណបជនណា អង្គការណា ឬបរទេសណាមួយឡើយ ។ លោកថា រាល់ចំណាត់ការទាំងពីរស្ថាប័ន ខាងលើនេះ គឺស្ថិតនៅក្នុងមូលដ្ឋានគ្រឹះនៃកិច្ចរក្សា និងបន្ត «សន្តិភាព សន្តិសុខ និងវិបុលភាព» ដែលជាផលប្រយោជន៍ផ្តាច់មុខ នៅក្នុងប្រទេសរបស់ ប្រជាពលរដ្ឋកម្ពុជាសុទ្ធសាធ។
លោក ផៃ ស៊ីផាន បានបន្ថែមថា ចំណែកលទ្ធផលនៃការបោះឆ្នោតដែលនឹងឆ្លុះបញ្ចាំងពីអ្វីៗ នៃការអនុវត្តច្បាប់បោះឆ្នោតកម្ពុជា ដែលធានាបាននូវភាពសេរី និងទទួលយកបាន គឺប្រាសចាកពីការ លូកលាន់របស់បរទេសជិត ឆ្ងាយ ដែលប្រជាពលរដ្ឋខ្មែរ «ប្រើប្រាស់ និងការពារសិទ្ធស្វ័យសម្រេចរបស់ខ្លួន ។
អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ចំពោះឧសានវាទ ថ្ងៃទី០៩ វិច្ឆិកា ក្នុងការដោះលែង ជនជាប់ចោទណាមួយឲ្យរួចខ្លួន ដោយឥតលក្ខខណ្ឌនោះ គឺពុំមានបានចែងនៅក្នុងច្បាប់ កម្ពុជានោះទេ ហើយថ្ងៃទី០៩ វិច្ឆិកានេះ គឺប្រាកដណាស់ ថាជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានធ្វើពលីកម្មគ្រប់បែបយ៉ាងជាច្រើនជំនាន់ ក្នុងកិច្ចដណ្តើមយក និងកិច្ចការពារ ឯករាជ្យ ប្រជាជាតិរបស់ខ្លួន។
លោកបន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រឹមតែអបអរសាទរ នៃទិវាប្រកាសឯករាជ្យនេះទេ ប្រជាជាតិទាំងមូលរបស់ខ្លួននៅតែប្រកាន់យក ឯកភាព សាមគ្គី គោរព ដល់ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្លួន រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ជាមួយនឹងកិច្ចពង្រឹងបន្ថែមទៀតនូវឯករាជ្យភាពនេះ។ ហើយកម្ពុជាតែងតែទទួលបានលិខិតចូលរួមអបអរសាទរ នៃទិវាឯករាជ្យនេះ ពីប្រជាជាតិជាមិត្តនានាក្នុងសកលលោក ជាពិសេសពីសហរដ្ឋអាមេរិកផងដែរ។ កម្ពុជាមិនអាចឯករាជ្យរបស់ខ្លួនជាថ្នូរដូរជាមួយជនក្បត់ឯករាជ្យជាតិនេះបានទេ ទោះតម្លៃណាក៏ដោយ៕