រាជធានីភ្នំពេញ ៖ ច្បាប់ទាំង៤ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលស្នើធ្វើវិសោធនកម្មដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងពិភាក្សារួចរាល់ហើយនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។
ក្រោយបញ្ចប់កិច្ចប្រជុំភ្លាមៗនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទាំង៤នេះ គឹត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ទៀតថា សេចក្តីសម្រេចរបស់ខ្លួននេះ គឺជាសេចក្តីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ចផងដែរ។
អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញកិច្ចនៃក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉េង ផល្លា បានឲ្យដឹងថា ក្រោយពិនិត្យសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ត្រូវបានប្រគល់ជូនទៅរដ្ឋសភារួចរាល់ហើយ ដើម្បីរដ្ឋសភាបន្តនីតិវិធីសុំការឡាយព្រះហស្ថពីព្រះមហាក្សត្រខ្មែរ ដើម្បីដាក់ឲ្យប្រើប្រាស់។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន ៤៩រូបនោះ គឺផ្តោតសំខាន់ទៅលើការបែងចែកអាសនៈ របស់គណបក្សនយោបាយណាមួយ ដែលត្រូវបានរំលាយចោល ឬបោះបង់អាសនៈចោល៕