រាជធានីភ្នំពេញ ៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋានបានបន្តឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៤នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្ទះជួលលេខ៣៧៧ ផ្លូវលេខ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការនេះធ្វើឡើងដោយបានការអនុញ្ញាតពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឃើញមានជនបរទេសចំនួន១៤នាក់ ស្រី០៥នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារស្នាក់នៅមិនត្រឹមត្រូវ។
បច្ចុប្បន្នជនជាតិវៀតណាមទាំង១៤នាក់នោះ ត្រូវបានសម្រេចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕