យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញបានអនុម័តជាឯកច្ឆន្ទនូវសេចក្ដីថ្លែងការណ៍មួយដោយបានរិះគន់យ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបានធ្វើឲ្យពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាជាង៦០ម៉ឺននាក់រត់ចេញពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដែស។
សេចក្ដីថ្លែងការណ៍នេះបានអំពាវនាវឲ្យរដ្ឋាភិបាលនៅប្រទេសមីយ៉ាន់ម៉ាចាត់វិធានការបន្ទាន់មួយដើម្បីគោរពតាមគោលការណ៍សិទ្ធិមនុស្ស ហើយក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ពីការបំពានសិទ្ធិមនុស្សនៅរដ្ឋរ៉ាក់ឃីនពីសំណាក់កងកម្លាំងសន្តិសុខប្រទេសមីយ៉ាន់ម៉ាចំពោះពលរដ្ឋរ៉ូហ៊ីងយ៉ាផងដែរ។
របាយការណ៍នេះក៏បានបង្ហាញពីការប្រើកងកម្លាំងនិងការបំភិតបំភ័យជាប្រព័ន្ធ ការកាប់សម្លាប់មនុស្សប្រុសស្រីនិងកូនក្មេង អំពើហិង្សាផ្លូវភេទ និងការដុតបំផ្លាញលំនៅឋានព្រមទាំងទ្រព្យសម្បត្តិផងដែរ។
សេចក្ដីថ្លែងការណ៍នេះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសបារាំង និងប្រទេសជាសមាជិកក្រុមប្រឹក្សាមួយចំនួនទៀត ប៉ុន្តែត្រូវបានជំទាស់ពីប្រទេសចិនដែលជាសម្ពន្ធមិត្ត និងជាប្រទេសជិតខាងជាមួយប្រទេសមីយ៉ាន់ម៉ា៕