ភ្នំពេញ ៖ រថយន្តធុនធំ និងរថយន្តវែងគ្រប់ប្រភេទ ត្រូវបានហាមឃាត់មិនអនុញ្ញាត ឲ្យបត់ ឆ្វេងត្រង់ចំណុចផ្លូវខ្វែង នៅភ្លើងស្តុប ស្ពានអាកាសផ្សារដីហុយ ខណៈដែលកំពុងដំឡើង ពុម្ពចាក់ ត ភ្ជាប់កម្រាលស្ពាន។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថា រថយន្តធុនធំ និងរថយន្តវែងគ្រប់ប្រភេទ នឹងត្រូវហាមឃាត់ បត់ឆ្វេងទាំង ៤ទិស នៅទីតាំងភ្លើងស្តុបស្ពានអាកាសផ្សារដីហុយ ដោយសារស្ថានភាពទីតាំងបត់តូចចង្អៀត និងចៀសវាងបង្កការប៉ះពាល់ដល់សសរទម្រ ដែលត្រូវបាន និងកំពុងដំឡើងពុម្ពសសរទម្រ និងពុម្ពកម្រាលដែលកំពុងដំណើរការ ត ភ្ជាប់តួស្ពានផ្នែកកណ្តាល នៅចំណុចទីតាំងភ្លើងស្តុប ។
ជាមួយគ្នានោះដែរ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ តាមចំណុចហាមឃាត់ខាងលើ ចូលរួមសហការឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរជិតការដ្ឋានសំណង់ស្ពានអាកាសខាងលើនេះ។
សូមរំឭកថា ស្ពានអាកាសផ្សារដីហុយ បានសាងសង់សម្រេចបាន ៧០ភាគរយហើយ គិតមកទល់ពេលនេះ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៦។ ស្ពាននេះ មានប្រវែង ៩០៥ម៉ែត្រ ទទឹង ១៦,៦ម៉ែត្រ។ យោងតាមគម្រោង ស្ពានអាកាសផ្សារដីហុយ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែធ្នូ ឆ្នាំ២០១៧៕