ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្ប ទាន​ ដល់​កម្ពុជា​ប្រមាណ​១៨០​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2018 ក+ ក-

ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ និង​លោក Samiuela T.Tukuafu នាយក​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​សម្រាប់​គម្រោង​ចំនួន​៣ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ១៨០ លាន​ដុល្លារ​អាមេរិក​ដែល​គម្រោង​ទាំង​៣​នោះ​រួមមាន​៖ ១) គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ​, ២)​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប (​ហិរញ្ញប្បទាន​បន្ថែម​), និង ៣) គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត ។​

បើតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​៖ ចំពោះ​​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ៧៦,៩៤ លាន​ដុល្លារ​អាមេរិក​សម្រាប់​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ ១ និង​លេខ ៦ ប្រវែង​ប្រមាណ ១៤៧ គ​.​ម ក្នុង​គោលដៅ​ចូលរួម​សម្រេច គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដឹកជញ្ជូន និង​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង ។​

​រីឯ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១១៩​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ១០ លាន​ដុល្លារ​អាមេរិក (​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា​) សម្រាប់​បង្កើន​ការ ផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និង​ក្រុង​នៅក្នុង​ខេត្តបាត់ដំបង​, កំពង់ចាម​, ព្រះសីហនុ និង​សៀមរាប ដើម្បី​ចូលរួម​សម្រេច យុទ្ធសាស្ត្រ ជាតិ​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឆ្នាំ​២០១៤-២០២៥​។ ចំណែក​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប (​ហិរញ្ញប្បទាន​បន្ថែម​) គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ៦៦ លាន​ដុល្លារ​អាមេរិក សម្រាប់​កែលម្អ​លក្ខ​ខ​ណ្ខ​សេដ្ឋកិច្ច​-​សង្គម និង​ការរស់នៅ​របស់​កសិក​រ​ខ្នាតតូច​ចំនួន ៦៥​ម៉ឺន​គ្រួសារ ក្នុង​ឃុំ​គោលដៅ ចំនួន ២៧១ នៃ​ខេត្ត​ចំនួន ៧ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ។​

បន្ថែម​ទៅនឹង​គោលដៅ​ខាងលើ គម្រោង​ទាំង​៣​នេះ សុទ្ធ​តែមាន​គោលដៅ​រួម គឺ​ការកាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​ទាំង​នៅ​ទីប្រជុំជន និង​ទាំង​នៅ​ជនបទ ។​

​លោក​បណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនា គារ​អភិវឌ្ឍន៍អាស៊ី និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់​ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់ គម្រោង​ទាំង​៣​ខាងលើ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឱ្យបាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​៕