អ្នក​ខ្ចីលុយ​ឥ​ណ្ឌ​ទានមួយចំនួន​ លក់​ដី​ និង​ផ្ទះ​សងបំណុល​រួច​ធ្វើ​ចំណាកស្រុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2018 ក+ ក-

​តាកែវ ៖ ការផ្តល់​ប្រាក់កម្ចី របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ និង​ធនាគារ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ ទទួលបាន​ជោគជ័យ ក្នុងការ​ប្រើប្រាស់​ប្រាក់កម្ចី​នោះ​ហ​លយ​ក៏ មានគ្រួសារ​ខ្លះ​បាន លក់​ទ្រព្យសម្បត្តិ គោ ជ្រូក មាន់ ទា ដីស្រែ​ចំការ និង​ផ្ទះសម្បែង ដើម្បី​សងបំណុល ទាំង​ការ​និង​ដើម​។ ដោយសារតែ មិនអាច​រកប្រាក់​សង ឲ្យ​បាន​ទាន់​តាម​កិច្ចសន្យា នាំ​ឲ្យ ការប្រាក់ ជំពាក់​កើនឡើង លើស​ប្រាក់ ដើម ដែល​ខ្ចី​។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ អះអាង​ដូចគ្នា​ថា អ្នក​ដែល​បាន​ខ្ចីប្រាក់ ច្រើន​ស្ថាប័ន មាន​ឯកជន​ផង មីក្រូហិរញ្ញវត្ថុ​ផង និង​ធនាគារ​ផង ទៅរក​ស៊ី គឺ​មិនអាច សង​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ប្រចាំខែ​បាន​ទាន់ពេល​ទេ​។ ពួកគេ​តែងតែ​លក់ ដីស្រែ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត ដើម្បី​សងបំណុល ហើយ​និរទេស​ខ្លួន ចេញពី​ភូមិ​។​

​អាជ្ញាធរ​ភូមិ​ខ្វាវ លោក ហែម ឡាក់ ជា​អនុ​ប្រធានភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​ឲ្យ​ដឹងថា ក្នុងភូមិ​នោះ​មាន​ប្រជាជន​ជាង​៦០%​នៃ​ចំនួន​គ្រួសារ​២៩៣​គ្រួសារ បាន​ខ្ចីប្រាក់​ពី​ឯកជន ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ពី​ធនាគារ​។ គាត់​ខ្ចី​ច្រើន​ស្ថាប័ន ដើម្បី​យកទៅ​រកស៊ី​។

​ក្នុងចំណោម ៦០% នៃ​គ្រួសារ​អ្នក​ខ្ចីប្រាក់​ច្រើន​ស្ថាប័ន​នោះ មានតែ​៣​ទៅ​៤​គ្រួសារ​ទេ ដែល​លក់​អស់ទ្រព្យ​សម្បត្តិ យកទៅ​សង​គេ រួចហើយ​ចេញពី​ភូមិ ទៅ​រស់នៅ​កន្លែង​ផ្សេង​៖
​លោក ហែម ឡាក់ បន្តថា នៅក្នុង​ភូមិ​ខ្វាវ​នោះដែរ ក្រៅពី​អ្នក​ខ្ចីប្រាក់​ច្រើន​ស្ថាប័ន មិនអាច​សងបំណុល​រួច ហើយ​លក់​អស់ទ្រព្យ​សម្បត្តិ រួច​ចាក​ចេញពី​ភូមិ​ស្រុក ទៅ​រស់នៅ​កន្លែង​ផ្សេង ក៏មាន​គ្រួសារ​ច្រើន​ទៀត ដែល​ខ្ចីប្រាក់​ទៅរក​ស៊ី បង្កើន​សេដ្ឋកិច្ច​គ្រួសារ ហើយ​អាច សង​វិញ​បាន មិន​លក់​ទ្រព្យសម្បត្តិ មកពី​ពួកគេ​ខ្ចីប្រាក់ តែមួយ​ស្ថាប័ន​ទេ​។ លោ​កថា​អ្នក​ខ្ចី​តែមួយ​ស្ថាប័ន​នោះ គាត់​អាចមាន​លទ្ធភាព​សង​គ្រប់​ចំនួន ទាំង​ប្រាក់​ដើម និង​ការប្រាក់​។ អ្នក​សង​ប្រា​ក់រួច ទាំង​ការប្រាក់​និង​ប្រាក់​ដើម​នោះ មិនបាន​លក់​ដីស្រែ លក់​ផ្ទះ យកលុយ​ទៅ​សង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទេ​។ ពួកគេ បាន​លទ្ធភាព បង់​រំ​លោះ​ច្រើន​ឆ្នាំ ហើយ​សង​ទាំង​ការ ទាំង​ដើម​រហូត​ចប់ រួច​ពួកគេ អាច​ខ្ចីប្រាក់​រកស៊ី លើក​ក្រោយៗ​ទៀត​។​​

លោកស្រី ណុប ផាត រស់នៅ​ភូមិ​ខ្វាវ អះអាងថា មុននឹង​គាត់​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មក​សង់ផ្ទះ​ថ្មី គាត់​គិតពី​លទ្ធភាព​នៃ​ប្រាក់ចំណូល​ប្រចាំខែ របស់​ក្រុមគ្រួសារ​គាត់ ថា​តើ​អាច ទូទាត់​សង​ការប្រាក់ និង​បង់​រំ​លោះ​ប្រាក់​ដើម បាន​ឬ​អត់​? លោកស្រី​ថា កូន​គាត់​២​នាក់​ធ្វើការ​រោងចក្រ​កាត់ដេរ បាន​ចំណូល​៤០០​ដុល្លារ ឯ​ប្តី​គាត់​ដើរ​ចាប់​ជ្រូក​។​ក្នុង​១​ខែ ក្រុមគ្រួសារ​គាត់​បាន​ចំណូល​ទៀងទាត់ សរុប​ប្រហែល​៥០០​ដុល្លារ​។ ទើប​គាត់ សំរេចចិត្ត ខ្ចី​១​ម៉ឺន​ដុល្លារ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មក​សង់ផ្ទះ​ថ្មី​រស់នៅ ដោយ សន្យា​សង​ទាំង​ការ​និង​ដើម រយៈពេល​៧​ឆ្នាំ​។ លោកស្រី​អះអាងថា ប្រាក់កម្ចី​នោះ គាត់​ធានា​សង​ឲ្យ​រួច​អស់ទាំង​ស្រុង មុន​កាលកំណត់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រោះ​គាត់ យក​ប្លង់ដី ទៅ​បញ្ចាំ​សម្រាប់​ខ្ចី​។ គាត់​មិន​បណ្តោយ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​រឹបអូស​យក​ប្លង់ដី​គាត់ ដែល​សងលុយ​មិនទាន់​នោះទេ​។​

ចំណែក​លោកស្រី ប៉ែន ចារី រស់នៅ​ភូមិ​ខ្វាវ​ដែរ ឲ្យ​ដឹងថា គាត់​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​កូន​ជិះ​ទៅ​រៀន​។ ក្នុង​១​ខែ គាត់​អាច​សង​រំ​លោះ ទាំង​ការ​និង​ដើម ជិត​១០០​ដុល្លារ ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​វិញ​។ លោកស្រី​ថា គាត់​មាន​របរ​លក់ដូរ​នៅផ្ទះ ចំណែក​ប្តី​គាត់ រត់​ម៉ូតូ​កង់​បី ដឹក​ភ្ញៀវ​និង​ដឹក​ឥ​វ៉ាន់​៖(​សម្លេង ខ្ចី​ក្នុង រយៈពេល​១៨​ខែ ចំនួន​១៦០០​ដុល្លារ​។ ការប្រាក់​១.៥%​។ សង​គេ​ដើម ៨៥​ដុល្លារ ហើយ​ការ គេ​គិត​តាម​នឹង គេ​ចុះ​ដើម​ចុះ​ការ រហូត​ទៅដល់​រយៈពេល​១៨​ខែ​នឹង​)​។​

លោកស្រី ប៉ែន ចារី បន្តថា គាត់​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ទាំង​ប្រាក់​ដើម និង​ការប្រាក់ អស់​១៥​ខែ​ហើយ នៅសល់​៣​ខែ​ទៀត គាត់​កំពុង​សង​ឲ្យ​គ្រប់​ចំនួន​ខ្ចី​។

អាជ្ញា​ភូមិ​ខ្វាវ លោក ហែម ឡាក់ ឲ្យ​ដឹងថា ក្នុងភូមិ​នោះ មាន​ប្រជាពលរដ្ឋ ខ្ចីប្រាក់​ពី​ធនាគារ​និង​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន ដែល​បានមក​ស្នើសុំ បណ្តាក់​ប្រាក់​ឲ្យ​អ្នកភូមិ​ខ្ចី មិនដែល​រឹបអូស​យក​ប្លង់ដី ប្លង់​ផ្ទះ​ដែល​គេ​បញ្ចាំ​នោះទេ​។ អ្នក​ដែល​សង​គេ​មិន​រួច​បាន​លក់​អស់ទ្រព្យ​សម្បត្តិ​នោះ ភាគច្រើន​ខ្ចីលុយ​ច្រើន​ស្ថាប័ន​ពេក ហើយ​ចំនួន​ខ្ចី រាប់ម៉ឺន​ដុល្លារ តាម​ការ វាយតម្លៃ​ទ្រព្យសម្បត្តិ​គាត់ មុនគេ​បោះទុន​ឲ្យ​ខ្ចី​។ អ្នក​ខ្ចី​នោះ នៅ​ខែ ឆ្នាំ​ដំបូងៗ ចេះតែមាន លុយ​សម្រាប់​សង​រំ​លោះ​។ ពេល​ក្រោយមក​គាត់ អសមត្ថភាព​សង ដោយ​បញ្ហា​ផ្សេងៗ ទើប​កើតជា​រឿង លក់​អស់ទ្រព្យ​សម្បត្តិ ដើម្បី​សង​គេ ព្រោះ​ការប្រាក់​កើន​លើស ប្រាក់​ដើម ខ្ចី​ក៏មាន​។

​កាលពី​ឆ្នាំ​២០១៧ កន្លងមកនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​គ្រប់​ស្ថាប័ន ទាំង​ធនាគារ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនគួរ​តម្លើង ការប្រាក់​កម្ចី ហួសហេតុ​ពី​១៨% នោះទេ​៕