សៀមរាបៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលុបឈ្មោះ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៤ រូបទៀតចេញពីក្របខ័ណ្ឌបុគ្គលិកអប់រំ នៅក្នុងខេត្តសៀមរាប ដោយសំអាងថាបុគ្គលិកអប់រំទាំងនោះបានអវត្តមានពីការងារ ដោយពុំមានច្បាប់អនុញ្ញាត ប៉ុន្តែបុគ្គលិកដែលត្រូវបានលុបឈ្មោះទាំងនោះចាត់ទុកថា គឺជាការរើសអើងខាងនយោបាយ ខណៈដែលពួកគេបានសុំច្បាប់ត្រឹមត្រូវ។
ការប្រកាសលុបឈ្មោះដែលធ្វើឡើងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន កាលពីថ្ងៃទី ៣០ ខែមករា ដែលទើបតែត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ បានសរសេរថា លុបឈ្មោះ លោក ហុង សុខជា បុគ្គលិកអប់រំ បម្រើការងារនៅសាលាបឋមសិក្សា ហ៊ុន សែន តាពេញនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ចេញពីក្របខ័ណ្ឌក្រសួងអប់រំចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ តទៅដោយសារសាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត។
បុគ្គលិកអប់រំ ៣ រូបទៀតដែលត្រូវបានលោក ហង់ ជួនណារ៉ុន ប្រកាសលុបឈ្មោះចេញដែរ ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៨ ដោយសំអាងថា សាមីខ្លួនអវត្តមានដោយមិនបានសុំច្បាប់ដែរនោះមាន លោក ពៀត ម៉ាប់ បុគ្គលិកអប់រំ បម្រើការងារនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប។
លោក មុត មល្លា បុគ្គលិកអប់រំបម្រើការងារនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប និងលោក ច័ន្ទ សុភា បុគ្គលិកអប់រំបម្រើការងារនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។
លោក មុត មល្លា ដែលជាអតីតប្រធានគណៈកម្មការប្រតិបត្តិខេត្តសៀមរាបគណបក្សសង្គ្រោះជាតិបានថ្លែងថា លោកបានឃើញលិខិតបញ្ឈប់ក្របខ័ណ្ឌពីមន្ត្រីក្រសួងអប់រំនៅថ្ងៃទី ១៥ ខែកុម្ភៈ ហើយលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយមុនពេលលោកឈប់ លោកបានសុំច្បាប់ត្រឹមត្រូវ។ «ករណីនេះ វាមិនមែនជារឿងកំហុសថា ខ្ញុំមិនបានសុំច្បាប់ស្អីនោះទេ ដោយខ្ញុំថា មន្ត្រីរដ្ឋាភិបាលមានការរើសអើងផ្នែកនយោបាយ វាជារឿងអយុត្តិធម៌បំផុត»។
លោក ពៀត ម៉ាប់ ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិខេត្តសៀមរាប បានឲ្យដឹងថា មុនពេលពួកលោកចូលប្រឡូកនយោបាយជាមួយគណបក្សប្រឆាំង គឺពួកលោកបានព្យួរឈ្មោះទៅក្រសួងអប់រំរួចហើយ។
ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ មក ពួកលោកក៏បានដាក់ពាក្យចូលបង្រៀនវិញនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៧ នៅមន្ទីរអប់រំខេត្តសៀមរាបរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ទើបខាងមន្ទីរបញ្ជូនឈ្មោះទៅក្រសួងអប់រំបន្ដទៀត ប៉ុន្តែខាងមន្ទីរអប់រំខេត្តហាក់មានចេតនាពន្យារពេលឲ្យហួសថ្ងៃដែលចូលបម្រើការងារកន្លែងដើមវិញ។
លោកបន្ថែមថា លោកពិតជាមានអារម្មណ៍សោកស្ដាយដែលក្រសួងអប់រំមិនបានធ្វើការងារតាមច្បាប់ ប៉ុន្ដែក្រសួងបែរជាធ្វើការបម្រើបក្សច្រើនជាង ព្រោះច្បាប់នេះមិនបានអនុវត្តចំពោះមន្ត្រីឲ្យបានស្មើៗគ្នា ហើយករណីនេះមិនមែនមានតែពួកលោក ៤ នាក់នេះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិននឹកស្មានថារឿងវាក្លាយជាបែបនេះទេ បើសិនថាខ្ញុំមិនបានដាក់ពាក្យចូលបម្រើការងារ ទើបជាកំហុសរបស់ពួកខ្ញុំ តែនេះខ្ញុំបានដាក់ពាក្យចូលបម្រើការងារហើយ តែមន្ទីរអប់រំបានដកម៉ោងមិនឲ្យបង្រៀន ហើយឲ្យរង់ចាំប្រកាសរបស់ក្រសួងចេញមកចាំចូលធ្វើការ»។
ឆ្លើយតបនឹងបញ្ហានេះប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក សយ ទិត្យាវង្ស បានថ្លែងយ៉ាងខ្លីថា ខាងលោកបានទទួលឯកសារពីការលុបឈ្មោះរបស់គ្រូបង្រៀនទាំងអស់នេះហើយ ដោយលោកគោរពតាមនីតិវិធីរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ព្រោះលោកមិនអាចជំទាស់នឹងសេចក្ដីសម្រេចនេះបានទេ។
លោកថា៖ «ខ្ញុំធ្វើតាមតែក្រសួងណែនាំទេ ហើយខ្ញុំក៏មិនចាប់អារម្មណ៍អ្វីច្រើនដែរ ព្រោះពួកគាត់បានប្រព្រឹត្តកំហុសពិតប្រាកដមែន ដោយមិនបានមកសុំច្បាប់ ឬជូនដំណឹងដល់អ្នកណានោះទេ»។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មកពីអតីតគណបក្សសង្គ្រោះជាតិលោក រ៉ុង ឈុន ក៏ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងផងដែរក្រោមហេតុផលអវត្តមានគ្មានការអនុញ្ញាតដូចគ្នានេះ។
លោក រ៉ុង ឈុន បានថ្លែងពីម្សិលមិញថា ករណីដែលក្រសួងលុបឈ្មោះគ្រូបង្រៀនជាបន្តបន្ទាប់នេះលោកយល់ថា ក្រសួងអប់រំបានធ្វើការរំលោភច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក៏ដូចជាអនុក្រឹត្យស្ដីពីការដាក់មន្ត្រីឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល។
លោកបន្តថា ព្រោះនៅក្នុងមាត្រា ៤០ និងមាត្រា ៤៧ មុននឹងដាក់ទណ្ឌកម្ម និងឈានទៅដល់លុបឈ្មោះមន្ត្រីស្ថិតក្រោមឱវាទមួយបាន លុះត្រាតែកោះហៅពួកគាត់មកសាកសួរថាតើពួកគាត់ប្រព្រឹត្តដូចការចោទប្រកាន់ បោះបង់ការងារ ឬយ៉ាងណា? រួចគេបន្តសួរ ១ ដង ២ ដង ឬ ៣ ដង ទើបគេប្រកាសលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ។ «ការលុបឈ្មោះនេះមិនមែនជាការលុបតាមបច្ចេកទេស ឬច្បាប់ត្រឹមត្រូវទេ ខ្ញុំថា គឺលុបដោយសារគុំកួន មានគំនុំនយោបាយ ហើយខ្ញុំទទួលបានថា គេនឹងឈានទៅលុបឈ្មោះលោកគ្រូ អ្នកគ្រូ នៅតាមបណ្ដាខេត្តមួយចំនួនទៀត ដែលមាននិន្នាការប្រឆាំងនឹងគេ»។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំកាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។