ជំនួប​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម នៅ​សៀមរាប ផ្តោតលើ​ពាណិជ្ជកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម សម្លឹង​ឃើញថា កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតស៊ីគ្នា​រវាង​ប្រទេស​ទាំងពីរ នឹង​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយ​កើនឡើង​ច្រើនជាង​៤​ពាន់​លាន​ដុល្លារ ៖ V.O: ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចាត់ទុកថា សុន្ទរកថា​របស់​សម្តេច​តេ​ជោ ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ និង​កិច្ចប្រជុំ​កំពូល CLV ក្នុង​ទីក្រុង​ហាណូយ កាលពីពេល​ថ្មីៗ​នេះ ពិត​ជាមាន​អត្ថន័យ​ពេញលេញ និង​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ ជាពិសេស​លើ​វិស័យ​ធុរៈកិច្ច​។

នេះ​បើតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម នៅ​ទីក្រុង​សៀមរាប នា​រសៀល​ថ្ងៃទី​៤ ខែមេសា ដែល​ផ្តល់​ដោយ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

​នៅក្នុង​ជំនួប​ទ្វេភាគី​នេះដែរ ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក បាន​កត់សំគាល់ថា កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតស៊ីគ្នា ដែល​ត្រូវបាន​ចុះហត្ថលេខា​រួចហើយ រវាង​ប្រទេស​កម្ពុជា និង វៀតណាម គឺជា​ការបើក​ឳ​កាស និង លើកទឹកចិត្ត​អោយមាន​អ្នកវិនិយោគ រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ច្រើនឡើង ដើម្បី​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី អោយ​កាន់តែ​ធំ​ឡើង​ថែមទៀត ខណៈដែល​ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី នាពេល​បច្ចុប្បន្ន មាន​ជាង​៤​ពាន់​លាន​ដុល្លារ ដែល កើនឡើង​ប្រមាណ​២៥​ភាគរយ​ក៏ដោយ​។ បន្ថែម​ពីនេះ ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅ​កម្ពុជា​ពេលនេះ ដែល​នឹង​ជម្រុញ​ការអនុវត្ត​កិច្ចព្រមព្រៀង ដើម្បី​អភិវឌ្ឍ និង​គ្របគ្រង​អាង​ទន្លេមេគង្គ ប្រកបដោយ​ចីរភាព​ផងដែរ​។

ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឯកភាព​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ និង ក្របខណ្ឌ CLV ។ សម្តេច ក៏​ឯកភាព​ចំពោះ ការកើនឡើង​នៃ​ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នាពេល​បច្ចុប្បន្ន​ផងដែរ ប៉ុន្តែ​សម្តេច បាន​ផ្តល់នូវ​ចក្ខុវិស័យ​ថា ប្រទេស​ទាំងពីរ​គប្បី​ពិនិត្យមើល ការ​ជម្រុញអោយមាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម រវាង​ប្រជាជន​នៅតាម​តំបន់​ព្រំដែន​ផង ។ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះដែរ ឯកឧត្តម ង្វៀន ស៊ុន​ហ្វ៊ុ​ក បាន ស្នើ​សុំអោយ​ភាគី​ទាំងពីរ​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ឡើង​ថែមទៀត ជាពិសេស​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា ជៀសវាង​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​៕