ភ្នំពេញ ៖ ក្នុងនាមជាសមាជិកអាស៊ាន ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម លើកិច្ចពិភាក្សា និងរកដំណោះស្រាយ លើបញ្ហាសេដ្ឋកិច្ច នយោបាយ សន្តិសុខ ទាំងក្នុងតំបន់និង ក្រៅតំបន់ ជាពិសេស កម្ពុជាបង្ហាញជំហរដាច់ខាតមិនគាំទ្រនយោបាយគាំពារនិយម លើផ្នែកពាណិជ្ជកម្ម តែម្តង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានធ្វើដំណើរនិវត្តន៌មកដល់ប្រទេសកម្ពុជាវិញហើយ នារសៀល ថ្ងៃសៅរ៌ ទី២៨ ខែមេសានេះ បន្ទាប់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅក្នុងសាធារណៈរដ្ឋសិង្ហបុរី រយៈពេល២ថ្ងៃ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសសិង្ហបុរី នាពេលនេះ គឺជាការបង្ហាញនូវតួនាទីនិងការចូលរួមយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិករបស់អាស៊ាន ក្នុងការចូលរួមកិច្ចពិភាក្សាដោះស្រាយបញ្ហានិងការផ្តល់គំនិតផ្តួចផ្តើមនានា ដើម្បីពន្លឿនទិសដៅ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្នុងឆ្នាំ២០១៨របស់អាស៊ាននេះ ប្រមុខដឹកនាំអាស៊ាននៃប្រទេសទាំង១០ បានសម្រេចអនុម័តលើឯកសារសំខាន់ចំនួន៣ ដែលតាមការថ្លែងបញ្ជាក់របស់ ឯកឧត្តម បណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអោយដឹងថា ទី១ គឺ ឯកសារទស្សនវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី នវានុវត្តន៌ និងភាពរឹងមាំរបស់អាស៊ាន ដែលជាចក្ខុវិស័យថ្មីមួយរបស់អាស៊ាន! ឯកសារទី២៖ សេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី កិច្ចសហប្រតិបត្តិការ សន្តិសុខតាមប្រព័ន្ធអ៊ិនធើណិត! និងឯកសារទី៣៖ គឺទស្សនាទានស្តីពី បណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលជាគំនិតផ្តួចផ្តើមថ្មីមួយរបស់អាស៊ាន។ តាមការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិត កៅ គីមហួន ចំពោះការរៀបចំទីក្រុងឆ្លាតអាស៊ាននេះ ថ្នាក់ដឹកនាំអាស៊ានបាន សម្រេចយកទីក្រុងចំនួន២៦របស់ប្រទេសជាសមាជិកអាស៊ាន ប៉ុន្តែដំណើរការនេះ ត្រូវរង់ចាំការពិភាក្សាលំអិតជាបន្តទៀតរវាងរដ្ឋមន្ត្រីនៃ ប្រទេសអាស៊ាន នាពេលខាងមុខជាមុនសិន ។
ទន្ទឹមនេះ លិខិតូបករណ៌ចំនួន២២៩ នៃសហគមន៌ទាំង៣ របស់អាស៊ាន ក៏ត្រូវបានអនុម័តរួចហើយ ក្នុងខែមីនាឆ្នាំ២០១៨កន្លងមក ។ ចំនុចសំខាន់មួយដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្នុងប្រទេសសិង្ហបុរី គឺការប្រឆាំងដាច់ខាតចំពោះ នយោបាយគាំពារនិយម ដែលជាការព្រួយបារម្ភចំពោះការកើតឡើងនៃសង្គ្រាមពាណិជ្ជកម្ម ក្នុងពិភពលោក ខណៈដែលកម្ពុជា មានផលិតផលជាច្រើនត្រូវនាំចេញជារៀងរាល់ឆ្នាំ ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
គួរកត់សំគាល់ដែរថា ទិដ្ឋភាពជារួម មេដឹកនាំអាស៊ានបានបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ានក្នុងឆ្នាំ២០១៨នេះ ដោយសារ សេដ្ឋិកិច្ចអាស៊ានក្នុងឆ្នាំ២០១៧ មានកំណើនប្រមាណ៥.២ ភាគរយ ខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោក មានត្រឹម៣.៧ភាគរយប៉ុណ្ណោះ ។ បន្ថែមពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើអោយអាស៊ានបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៌អោយកាន់តែច្រើនថែមទៀត ក្នុងក្របខណ្ឌអាស៊ាន ដែលក្នុងឆ្នាំ២០១៧ អាស៊ានទទួលបានអ្នកទេសចរ ប្រមាណ១២៥លាននាក់ គឺកើនឡើងប្រមាណ៤លាននាក់ បើធៀបនឹងឆ្នាំ២០១៦។ សម្តេចតេជោ ស្នើអោយអាស៊ានជម្រុញបន្ថែមទៀតក្នុងសមាហរណកម្មអាស៊ាន និង សហគមន៌អាស៊ាន ដែលកំពុងផ្តោតលើឧស្សាហកម្មទី៤ បែបបច្ចេកវិទ្យាឌីជីថលតែម្តង ៕