ភ្នំពេញ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ គឺជាខួប២ឆ្នាំ ដែលចាប៉ីដងវែងរបស់កម្ពុជាត្រូវបានគណៈកម្មា ធិការអន្តររដ្ឋាភិបាលដើម្បីការការពារកេរមរតកវប្បធម៌អរូបី សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិដែលត្រូវការការពារជាបន្ទាន់ របស់អង្គការយូណេស្កូ។
ចាប៉ីដងវែងជាឧបករណ៍តន្ត្រីបុរាណខ្មែរ មានខ្សែ២ ឧបករណ៍នេះសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី និងវង្វង់ភ្លេងការខ្មែរបុរាណ ជាដើម។ ក្រៅពីនេះ ចាប៉ីដងវែង ជាឧបករណ៍ដែលអាចលេងទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ ដែលគេដេញ អមដោយការច្រៀងដ៏ពិរោះ ។
ការបែងចែកសណ្ឋានរូបរាងនៃចាប៉ីដងវែង មានដូចជា ស្នូក (ប្រអប់សំនៀង) ដង ព្រលួត ប្រកៀន (ធរណី) ខ្ទង់ ក្រាញ (គីង្គក់) ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែង ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលត្រូវការពារជាបន្ទាន់ នៅប្រទេសអេព្យូពី។ នៅពេលនោះ កម្ពុជាក៏ទទួលបានទឹកប្រាក់ចំនួន ២៣ម៉ឺនដុល្លារ ដើម្បីការពារមរតកប្រពៃណីចាប៉ីដងវែងនេះដែរ៕