សៀមរាប ៖ ខណៈចុះកសិដ្ឋានញ្ចឹមសត្វក្រពើ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានណែនាំឲ្យម្ចាស់កសិដ្ឋានសហការជាមួយរដ្ឋ បាលជលផល ដើម្បីអនុវត្តការងារបច្ចេកទេស និងទីផ្សារ ធ្វើយ៉ាងណាជំរុញទីផ្សារក្រពើកម្ពុជា ដែលមានសក្តារនុពលខាងសេដ្ឋកិច្ច ឱ្យបានទូលំទូលាយ ពិសេសទីផ្សារប្រទេសចិន។
បើតាមការផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៨ខែមករានេះ មកទល់បច្ចុប្បន្ន កសិដ្ឋានបានដំណើរការមកជាង២០ឆ្នាំហើយ សព្វថ្ងៃកសិដ្ឋានមានមេ-បា ចំនួន១២០០ ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។ ទីផ្សារបច្ចុប្បន្នកូនក្រពើ ១ក្បាលថ្លៃ ១៥-២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំ តម្លៃ ៥-៦ដុល្លារ/kg ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ៕