ភ្នំពេញ ៖ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ទោះបីជាទំនាក់ ទំនង កម្ពុជា និង អឺរ៉ុប មានការថមថយមួយជំហានក្តី តែកម្ពុជានឹងពង្រីកទំនាក់ទំនង ទៅ ទីផ្សារថ្មីៗបន្ថែមទៀត ពិសេសជាមួយប្រទេសចិន ដោយព្យាយាមពង្រីកកូតានាំចេញ អង្ករ របស់យើងឱ្យបានច្រើន។
លោក សុខ ពុទ្ធីវុធ បានថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាស ដែល លោកបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្រូវល្អបំផុតប្រចាំប្រទេសកម្ពុជា លើក ទី៣ និងអបអរ សាទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុត ពិភលលោកលើកទី៤។ ពិធីនោះផងដែរ ក៏មានការ ចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំ ចេញអង្ករ រួមទាំងតំណាងសហគមន៍ កសិករ ទូទាំងខេត្តប្រមាណជិត ១០០នាក់ នៅ សណ្ឋាគារសុខាភ្នំពេញ។
លោក សុខ ពុទ្ធីវុធ បានថ្លែងថា បច្ចុប្បន្ននេះ ភាគីកម្ពុជា បានជជែកពិភាក្សាគ្នាជាច្រើនជា មួយភាគីចិន ក្នុងការនាំអង្ករទៅទីផ្សារចិន ហើយបើទោះបីជាការនាំអង្ករទៅចិន មានចំនួន ច្រើនក្តី ប៉ុន្តែយើង នៅតែអាចបានផ្គត់ផ្គង់បាន មិនមានបញ្ហាទេ។ ចំពោះភាគីចិន គឺគាត់នៅ ត្រូវការអង្ករមានគុណភាព ច្រើនប្រភេទទៀតណាស់ ដូចនេះ យើងបានពិភាក្សាគ្នាបាន មួយកម្រិតហើយ ក្នុងការពង្រីកម៉ាក អង្ករ របស់យើងឱ្យបានឆាប់ ដើម្បីបំពេញតម្រូវការ របស់ទីផ្សារចិន។
លោក សុខ ពុទ្ធីវុធ បញ្ជាក់ថា កន្លងមក អង្ករក្រអូបរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើននៅ លើពិភពលោកទទួលស្គាល់ ហើយក្នុងការផលិតអង្ករប្រភេទនេះ យើងនឹងព្យាយាមស្វែង រកវិធីក្នុងការជំរុញទំនើបកម្ម និងប្រកួតប្រជែងផលិតអង្ករក្រអូប ឱ្យកាន់តែល្អប្រសើរបន្ថែម ទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារធំៗ នៅក្រៅប្រទេស ឱ្យបានកាន់តែច្រើនតាមការរំពឹង ទុក៕