Mike Pompeo ៖ Trump ត្រៀម​ប្រើប្រាស់​យោធា​ប្រឆាំង​តួ​ក​គី បើ​ចាំបាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2019 ក+ ក-

អាមេរិករដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ថា​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ត្រៀមលក្ខណៈ​ពេញលេញ​ដើម្បី​ធ្វើ​សកម្មភាព​យោធា​ប្រឆាំងនឹង​ប្រទេស​តួ​ក​គី ប្រសិនបើ​មានការ​ចាំបាច់​។​ នេះ​បើ​យោងតាម​ប្រភពពី Sputniknews​។​

​លោក Mike Pompeo បាន​ថ្លែងប្រាប់​ទូរទស្សន៍ CNBC ថា យើង​ចូលចិត្ត​សន្តិភាព ប៉ុន្តែ​បើសិនជា​ការប្រើប្រាស់​កម្លាំង​យោធា​គឺជា​រឿង​ចាំបាច់​បំផុត អ្នក​ទាំងអស់គ្នា​ប្រាកដជា​ដឹងថា លោក​ប្រធានាធិបតី ​Trump បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិករូបនេះ បាន​បដិសេធ​មិន​បង្ហាញ​ខ្សែបន្ទាត់​ក្រហម​ដែល​នឹង​ជំរុញ​ឲ្យ​អាមេរិក ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំង​តួ​ក​គី ស្ថិតនៅក្នុង​កម្រិតណា​នោះទេ ដ្បិត​ទាំង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​អង់កា​រ៉ា​សុទ្ធតែជា​សមាជិក​អង្គការ NATO។ NATO បានចែង​យ៉ាងច្បាស់​ថា ការវាយប្រហារ​លើស​មា​ជិ​ក​ណាមួយ គឺជា​ការវាយប្រហារ​លើ​អង្គការ NATO ទាំងមូល ហើយ​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ ចាត់វិធានការ​ឆ្លើយតប​៕