​ចាប់ខ្លួន​ស្ត្រី​អ្នកលក់​ឧបករណ៍ធ្វើ​តេស្តរ​កវី​រុស Covid-19 ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2020 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា បាន​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 តាម​បណ្ដាញ Facebook ដោយ​គ្មាន​ការអនុញ្ញាត​នោះ​ត្រូវ​សមត្ថកិច្ច​ខ​ណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន កាលពី​ម្សិលមិញ ។ ការឃាត់ខ្លួន​ស្ត្រី​រូបនោះ​ធ្វើឡើង​នៅ​ចំណុច​ផ្ទះជួល​លេខ​៥ ក្រុមទី​៦ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ នា​ព្រលប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បញ្ជាក់ថា ស្ត្រី​រូបនោះ​ឈ្មោះ វ៉ា វួ​ច​គៀង អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ម្ចាស់ ផ្ទះជួល ហើយ​ត្រូវបាន​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​រូបនោះ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ពិតប្រាកដ​មែន​។​

​ប៉ុន្តែ​នាង​អះអាងថា រូបគាត់​គ្រាន់តែ​ជួយ​បង្ហោះ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បី​លក់​ឧបករណ៍ ខាងលើនេះ​ឲ្យ​ឈ្មោះ ម៉ូ​នី​តា សុខ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែប៉ុណ្ណោះ ។ ប៉ុន្តែ​ប្រសិនបើ មាន​អ្នក​កម្មង់​ទិញ ខ្លួន​នឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បី​ទទួល​ឥ​វ៉ាន់ យកមក​លក់​បន្ត ខណៈ​ជាក់ស្ដែង នាង​ពុំទាន់​ទទួលបាន​ឧបករណ៍​នោះ​នៅឡើយ​ទេ ។​

​តាម​មន្ត្រីនគរបាល​ខ័​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងថា ក្រោយ​ការសាកសួរ​សមត្ថកិច្ច​ខ័​ណ្ឌ​បាន​បញ្ជូន​ស្ត្រី​ខាងលើនេះ​បន្តទៅ​ស្នងការ​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕