សម្តេចតេជោ ហ៊ុន សែន ៖ «រាជរដ្ឋាភិបាល នឹងសង ៥ថ្ងៃវិញក្រោយប្រទេសឆ្លងផុតកូវីដ-១៩»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារនាព្រលប់ថ្ងៃទី៨ មេសា ថា៖ «រាជរដ្ឋាភិបាលនឹងសង ៥ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩»។

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចបានចែងច្បាស់នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ «អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំឲ្យឆ្លងមេរោគកូវីដ-១៩»។

ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន។ រាល់នូវពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈគឺមិនអនុញ្ញាត្តិឲ្យធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនដែលអាចចម្លងរោគកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលយោគយល់ចំពោះស្ថានភាពដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ៕