ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងបែបនេះ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីយោធាសំខាន់ៗរបស់អង្គភាព ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងអង្គភាព វរៈសេនាតូចលេខ១ និងលេខ២ ដើម្បីជួបសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា ដល់នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងនៅតំបន់ដាច់ស្រយាលនោះ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង សួរសុខទុក្ខនាយទាហាន និងពលទាហាន មកពីអង្គភាពវរៈសេនាតូចលេខ១ និងលេខ២ ដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខ ដើម្បីបំពេញតួនាទី និងភារកិច្ច ក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី។ ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយ នូវបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ស្តីពី ការលើកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងការដាក់ចេញ នូវបទបញ្ជាមួយចំនួនទៀត របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពី ការបិទច្បាប់ ទូទាំង កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមប្រយុទ្ធមួយរយភាគរយ និងត្រៀមកម្លាំងរង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ដើម្បីទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើង ជាយកថាហេតុផ្សេងៗ ។
ផ្សព្វផ្សាយ អោយមានការចូលរួម ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការឆ្លងពីជម្ងឺកូវីដ១៩ ជាសកល និងបញ្ហា នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា បញ្ជាការដ្ឋានកងទ័ពជើងគោក បានចេញបទបញ្ជា អោយមានការប្រមូលកម្លាំង អោយស្ថិតនៅក្នុងអង្គភាព ដើម្បីត្រៀមប្រយុទ្ធ និងការរង់ចាំបទបញ្ជាពីថ្នាក់លើ នៅក្នុងកាលៈទេសៈណាមមួយ ដែលតម្រូវអោយមានការចល័តទ័ព ឬក៏ចេញបំពេញបេសកកម្ម ដោយត្រូវរង់ចាំបទបញ្ជាពីថ្នាក់លើ ។ លោកថា ប្រមុខរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ និងគិតគូបំផុត ពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សំដៅធ្វើយ៉ាងណាអោយប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ទទួលបាន នូវផាសុខភាពល្អ។ លោកបានផ្តាំផ្ញើដល់នាយ និងពលទាហានទាំងអស់ ត្រូវខិតខំថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត និងមានអម័យល្អ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា។
នៅក្នុងឧិកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភថវិកា ដល់មេបញ្ជាការរងប្រចាំទិសជួរមុខ ៣០ម៉ឺនរៀល នាយសេនាធិការរង ២០ម៉ឺនរៀល អង្គភាពវរៈសេនាតូចលេខ២ ចំនួន ២លានរៀល កងអនុសេនាធំទី១,ទី២ និងកងអនុសេនាធំទី៣ ក្នុងមួយកងអនុសេនាធំ ទទួលបានថវិកា ១លាន៥០ម៉ឺនរៀល។ ដោយឡែក អង្គភាពវរៈសេនាតូចលេខ១ ទទួលបានថវិកា ៤លានរៀល សម្រាប់ទុកដោះស្រាយនៅក្នុងអង្គភាព។
បន្ទាប់ពីបានបញ្ចប់បំពេញបេសកកម្ម នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នោះមក នៅថ្ងៃអាទិត្យ ទី១២មេសាឆ្នាំ២០២០ លោកឧត្តមសេនីយ៍មេបញ្ជាការ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំមន្ត្រីយោធា និងមន្ត្រីសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង ស្រុក រួមជាជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះទៅកាន់ទីជនបទមួយ ដើម្បីសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន ៥គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងគ្រួសារ។ គ្រួសារអតីតយុទ្ធជនទាំង៥គ្រួសារនោះ ៤គ្រួសារជាគ្រួសារពលី ស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែប និង១គ្រួសារទៀត ជាគ្រួសារនិវត្តជន ស្ថិតនៅក្នុងឃុំត្មាតពើយ ស្រុកជាំក្សាន្ត ដោយក្នុង១គ្រួសារ ទទួលបានថវិកា ៨ម៉ឺនរៀល អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ មី១កេស ប្រេងឆា១លីត្រ និងទឹកបរិសុទ្ធ១យួរ ផងដែរ៕