សាលាសំណាក់តឹកតាងដែលបង្ហាញពីចរិត និងវប្បធម៌ អារិយធម៌ដ៏ល្អផូរផង់នៃជនជាតិខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2024 ក+ ក-

យោងតាមឯកសារដែលសរសេរដោយដោយលោកបណ្ឌិត អាំង ជូលានបានបង្ហាញថា ការកសាងសាលាសំណាក់ជាប្រពៃណីចាស់មួយ ដែលប្រទេសកម្ពុជាធ្លាប់មានតាំងពីបរមបូរាណមកម្ល៉េះ។

លុះមកដល់រាជ្យព្រះបាទជ័យវរ្មន័ទី៧ ទំនៀមទម្លាប់នេះកាន់តែត្រូវបានលើកតម្លៃ ។លោកបណ្ឌិតអាំង ជូលាន ក៏បានស្រាវជ្រាវឃើញថា តាមសិលាចារឹកប្រាសាទព្រះខ័នឱ្យយើងដឹងថា ព្រះរាជាជំនាន់នោះកសាងសាលាសំណាក់ចំនួន១២១ នៅតាមដងផ្លូវធំៗ ដែលចេញពីរាជធានីអង្គរ (ហៅថាយសោធរបុរ) ទៅកាន់តំបន់ផ្សេងៗដែលនៅឆ្ងាយ។ ឧទាហរណ៍ ដូចជា ពីអង្គរធំទៅប្រាសាទភិម៉ាយ(ដែលសព្វថ្ងៃនៅក្នុងទឹកដីប្រទេសថៃ)មានសាលាសំណាក់ ចំនួន១៧។ សព្វថ្ងៃ អាគារសម្រាប់ឱ្យអ្នកដំណើរផ្លូវឆ្ងាយស្នាក់អាស្រ័យនៅមួយពេលៗនៅសម័យនោះ ពុំមានអ្វីនៅសេសសល់នោះឡើយ។ យើងគ្រាន់តែស្មានក្នុងចិត្តថា អាគារនោះសង់អំពីឈើ ហើយនៅមួយកន្លែងៗ មានអាគារមួយឬអាចច្រើនជាងនោះ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺអាគារដែលមានរាងទ្រវែងទៅមុខ, សាងអំពីថ្មភក់ឬថ្មបាយក្រៀម  ហើយដែលជំនាន់នោះមានតម្កល់បដិមា (ជាពិសេសព្រះលោកេស្វរ) សម្រាប់អ្នកដំណើរធ្វើការគោរព ឬបន់ស្រន់។

ប៉ុន្តែ នាបច្ចុប្បន្ននេះសាលាសំណាក់ ហាក់មាននាទីមុខងារខុសគ្នាពីមួយទៅមួយ។ ក្នុងការស្រាវជ្រាវ លោកបណ្ឌិតអាំង ជូលាន បានបញ្ជាក់ថា សាលាសំណាក់ដែលធ្វើនៅមាត់ផ្លូវសំខាន់ៗ ហាក់ដូចជាសម្រាប់តែបញ្ជាក់ប្រាប់អ្នកដំណើរថាជាផ្លូវទៅវត្តតែប៉ុណ្ណោះ ។ ឯសាលាសំណាក់សម្រាប់អ្នកដំណើរផ្លូវជិតឬឆ្ងាយឈប់សម្រាកនោះនៅតែមានជាធម្មតា ។
ប៉ុន្តែជួនកាល, ក្រៅពីសម្រាប់អ្នកដំណើរ, សាលានោះអ្នកភូមិប្រើជាកន្លែងសម្រាប់ជួបជុំគ្នាក្នុងឱកាសពិធីបុណ្យអ្វីមួយដែលមានលក្ខណៈជាសហគមន៍ ជាពិសេសសម្រាប់ “បុណ្យភូមិ” ដែលគេតែងពូនភ្នំស្រូវឬដារលាន ហើយ ដែលគេតែងប្រារឰធ្វើនៅខែបុស្សឬខែមាឃ។ សាលារបៀបនោះស្ថិតនៅតាមមាត់ផ្លូវមែន តែពុំដែលដាច់រយាលពីភូមិអ្នកស្រុកឡើយ ។សាលាមួយក្រុមទៀត មិនសង់នៅជាប់មាត់ផ្លូវតែម្តងទេ គឺច្រើនផុតពីផ្លូវបន្តិច ឬមួយក៏ចូលទៅក្នុងភូមិតែម្តង។ ថ្វីត្បិតតែគេពុំដែលហាមឃាត់នរណាពុំឱ្យស្នាក់មួយពេលនៅទីនោះក៏ដោយ។ក៏ប៉ុន្តែមុខងារសំខាន់បំផុតគឺជាសាលាសម្រាប់អ្នកភូមិ។ ក្រៅពីបុណ្យដារលានក៏គង់ប្រជាជនប្រារឰពិធីផ្សេងៗទៀត ឬប្រើប្រាស់ជាទីប្រជុំការងារសហគមន៍ ។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្មត្រង់គាថា ១២២ ១២៣ ១២៤ ១២៥ និង១២៦បានឱ្យដឹងថា នៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជាពីបុរាណមានធម្មសាលាចំនួន១២១ ដែលព្រះរាជាសម័យនោះគឺព្រះបាទជ័យវរ្ម័ន ទី៧បាន
កសាងសម្រាប់ឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យបណ្តោះអាសន្ន។ក្នុងកំឡុងពេលគេធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬពីអាណាខេត្តមួយទៅអាណាខេត្តមួយទៀត។ នៅក្នុងធម្មសាលានីមួយៗមានភ្លើងសម្រាប់ឱ្យភ្ញៀវដុតបំភ្លឺបានថែមទៀតផង។

នៅតាមដងផ្លូវនានាពីយសោធរៈបុរៈទៅកាន់ទីក្រុងចម្ប៉ាប្រទេសចាម ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងសាលាសំណាក់ជាច្រើនទៀតរួមមាន៖

-សាលាសំណាក់ចំនួន៥៧ពីអង្គរដល់បុរីពិម៉ាយ
-សាលាសំណាក់ចំនួន១៧ ពីរាជបុរីដល់ជ័យវតី ពីជ័យវតីដល់ជ័យសិង្ហវតី ពីជ័យសិង្ហវតីដល់ជ័យវីរវតី ពីជ័យវីរវតីដល់ជ័យរាជគិរី ពីជ័យរាជគិរីដល់ស្រីសុវីរបុរី
-សាលាដំណាក់ចំនួន៤៤ ពីក្រុងស្រីសុវីរបុរី ដល់យសោធរៈបុរៈ និងមានសាលាដំណាក់១នៅស្រីសូរ្យបព៌ត(ភ្នំជីសូរ) ១នៅស្រីវិជយាទិត្យបុរ ១ទៀតនៅកល្យាណសិទ្ធិកៈ ដោយសាលាសំណាក់នីមួយៗមានប្រដាប់សម្រាប់បង្កាត់ភ្លើងផងដែរ។

សរុបមកព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងធម្មសាលា ឬសាលាសំណាក់ដែលជាផ្ទះសំណាក់សម្រាប់ផ្តល់ឱ្យអ្នកដំណើរឬទេសចរស្នាក់នៅក្នុងអំឡុងពេលគេធ្វើដំណើរឆ្លងកាត់មានចំនួន១២១នៅទូទាំងប្រទេស។

គួរគាត់សម្គាល់ផងដែរថា ផ្ទះសំណាក់នាសម័យនោះមិនត្រូវបានគិតប្រាក់ពីភ្ញៀវទេ ហើយក៏គ្មានបម្រើអ្វីច្រើនក្រៅពីការផ្តល់នូវប្រដាប់សម្រាប់បង្កាត់ភ្លើងបំភ្លឺនាពេលរាត្រីដែរ។

ការផ្តល់នូវភ្លើងសម្រាប់បំភ្លឺពេលយប់ត្រូវគ្រប់គ្រងដោយអាចារ្យម្នាក់ដែលជាពុទ្ធបរិស័ទជាសក្ខីភាពបង្ហាញពីសីលធម៌ ព្រមទាំងការប្រោសប្រណីដោយសប្បុរសធម៌របស់ព្រះមហាក្សត្រខ្មែរចំពោះអាណាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ស្រទាប់វណ្ណៈ។

គេហៅផ្ទះសំណាក់នាសម័យនោះថា សាលាធម៌ ធម៌សាលា ធម្មសាលា ដំណាក់ ឬសាលាសំណាក់។នៅក្នុងកំណត់ហេតុរបស់ជីវតាខ្វាន់ដែលបានមកដល់ប្រទេសកម្ពុជានៅក្នុងអំឡុងឆ្នាំ១២៩៨ ក៏បាននិយាយពីវត្តមានរបស់សាលាសំណាក់ទាំងនេះដែរ។

ចំពោះទំនៀមទំលាប់នៃការកសាងសាលាសំណាក់នេះដែលភាគច្រើនគឺប្រើប្រាស់នូវសំភារៈឈើ និងភាគច្រើនមិនមានជញ្ជាំងបិតជិតទេ គឺបើកលំហរធំៗ ហើយសំណង់ប្រភេទនេះបានសាងសង់បន្តៗរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែពេលបច្ចុប្បន្ននេះគេច្រើនសាងសង់អំពីថ្ម។

ថ្វីតែបច្ចុប្បន្ន មានការវិវត្តន៍ប្រែប្រួលខ្លះៗក្នុងចរិតលក្ខណៈនៃការរស់នៅនៃប្រជាពលរដ្ឋខ្មែរយ៉ាងណាក៏ដោយ។ក៏ប៉ុន្តែភាពមិនអាចប្រែប្រួលបាននៃវប្បធម៌ អារ្យធម៌នៃជនជាតិខ្មែរនៅតែជាកត្តាសំខាន់ក្នុងការកំណត់បានពីវត្ត មាននៃសាលាសំណាក់ព្រោះវាបានឆ្លាក់ជាប់ក្នុងដួងព្រលឹងនៃជនជាតិខ្មែររួចទៅហើយ។

បើតាមការស្រាវជ្រាវ និងការសន្និដ្ឋានរបស់លោកបណ្ឌិត អាំង ជូលានប្រពៃ ណីសាលាបុណ្យឬសាលាសំណាក់នៅតាមភូមិឬក្រៅភូមិ ដូចបានពោលមកនេះ ប្រហែលជាមានអនាគតយូរអង្វែងទៅមុខទៀតព្រោះវានៅតែសមស្របតាមវប្បធម៌ អារ្យធម៌ និងចរិតនៃការរស់នៅរបស់ប្រជាពលរដ្ឋ ខ្មែរពីបូរាណកាល បច្ចុប្បន្នកាល និងទៅអនាគតកាលដោយពុំមានការប្រែប្រួលប៉ុន្មានឡើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/k-KDlDi5_-c