ម៉ែ​អា​ម៉េង នៅតែ​ជា​មេ​នាំ​ជង្គង់ និង​ស្លាបមាន់​ខូចគុណភាព​ពី​ថៃ​ចូល​ខេត្ត កោះកុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2015 ក+ ក-

​ខេត្តកោះកុង ៖​ក្នុង​មួយថ្ងៃៗ​មាន​ជង្គង់ និង​ស្លាបមាន់ ខូចគុណភាព​មិនតិច​ជាង​៦​តោន​ឡើយ​ត្រូវបាន​ឈ្មួញ​ឈ្មោះ​ហៅ​ក្រៅ​ថា ម៉ែ​អា​ម៉េង នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​ខេត្តកោះកុង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ថា ជង្គង់ និង​ស្លាបមាន់ រាប់​តោន​ត្រូវបាន​នាំចូល​មក​ឡើង​ផែ​នៅ​តំបន់​កែវផុស ក្នុងនោះ​មាន​មួយចំនួន​ខូចគុណភាព​។​ទំនិញ​នេះ​ត្រូវគេ​នាំចូល​ដោយ​លួច​បង្កប់​ជាមួយ​ទំនិញ​ផ្សេងៗ​ទៀត​ដឹក​តាម​ទូក​មក​ឡើង​នៅ​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ មានពេលខ្លះ​ឈ្មួញ​រូបនេះ​បានធ្វើការ​ដឹកជញ្ជូន​ចល័ត​ទៅ​ឡើង​នៅ​តំបន់ កែវផុស ឬ​អណ្តូងទឹក ស្រែអំបិល និង​ថ្ម​រូង​ផងដែរ ដើម្បី​បង្វែរ​ដាន​ភ្នែក​សមត្ថកិច្ច បន្ទាប់មក​ទើប​គេ​លើកដាក់​ដឹក​តាម​រថយន្ត​ចូលមក​កាន់​រាជធានី​ភ្នំពេញ​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ ៤៨ និង​ផ្លូវជាតិ​លេខ ៤ យកមកចែក​ចាយ​តាម​ទីផ្សារ​នៅក្នុង​ខេត្ត និង​ចេញ​ទៅតាម​តំបន់​ផ្សេងទៀត​។

​អ្នកស្រុក​ខេត្តកោះកុង​បាននាំគ្នា​លើកឡើងថា ទោះជា​ជ​ង្គ​ង​មាន់ និង ស្លាបមាន់ ត្រូវបាន​ហាមឃាត់​មិន​អនុញ្ញាតអោយ​នាំចូល​ព្រោះ​វា​ខូចគុណភាព​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​បែបណាក៏ដោយ ក៏​មន្ត្រី​ជំនាញ​ខិលខូច​មួយចំនួន​នៅតែ​ឃុបឃិត​ឲ្យ ម៉ែ​អា​ម៉េង លួច​នាំចូល​យ៉ាង​សន្ធឹកសន្ធាប់​ដែរ ។​ករណី​ស៊ុមគ្រលំ​គ្នា​នេះ​រឹតតែ​ធ្វើ​ឲ្យ​ឈ្មួញ​ស្រី​ជើង​ខ្លាំង​ហៅ ម៉ែ​អា​ម៉េង ​ម្នាក់នេះ នៅតែមាន​ឥទ្ធិពល​កាន់តែខ្លាំង ម្យ៉ាងទៀត​ក៏មាន​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ពាក់​ផ្កាយ​លើ​ស្មា​ម្នាក់​ជា​អ្នក​រត់ការ​កាង​ឲ្យ ម៉ែ​អា​ម៉េង ថែម​ទៀតផង​។​

ទោះជា​យ៉ាងណា​ពួកគាត់​ពុំបាន​បង្ហាញ​ពី​អត្តសញ្ញាណ និង​តួនាទី​ពិតប្រាកដ​របស់ ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​រូបនោះ​ឡើយ ប៉ុន្តែ​សន្យាថា នៅ​លេខ​ផ្សាយ​បន្ទាប់​ពួកគាត់​នឹងធ្វើ​ការ លាតត្រដាង​ពី​ឈ្មោះ អត្តលេខ និង​មុខតំណែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​រូបនោះ ដើម្បីឱ្យ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជ្រាប ប្រយោជន៍ ចាត់វិធានការ​ទៅតាម​បទបញ្ជាផ្ទៃក្នុង​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។ ម្យ៉ាងទៀត ដើម្បី​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាលជាតិ កុំអោយ​ចេះតែ​នាំគ្នា​យក​អំណាច​បុណ្យស័ក្តិ និង​តួនាទី​ទៅ​កាង អោយ​ឈ្មួញ​រកស៊ី​ខុសច្បាប់ ដែលជា​កត្តា​បណ្តាលអោយ​រដ្ឋ​មានការ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

គួរ​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ធ្វើការ​ព្រមាន​ចំពោះ​កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ណា ដែល​យក​តួនាទី និង​អំណាច​ទៅរក​ស៊ី​ខុសច្បាប់ ឬ​ធ្វើជា​ខ្នងបង្អែក​អោយ​ឈ្មួញ​រកស៊ី​ខុស ច្បាប់​ត្រូវតែ​ដកខ្លួន​ថយ​ជាបន្ទាន់​។

​ជាក់ស្តែង​ដូចជា លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ម្នាក់នេះ​មិន​ត្រឹមតែ​មិន​ដកថយ​បញ្ឈប់​ធ្វើជា ខ្នងបង្អែក​អោយ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន គឃ្លើន និង​កំពុង​ប្រឆាំង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថែម ទៀតផង ដែល​ថ្នាក់លើ​គួរតែ​ចាត់វិធានការ​ដាក់ពិន័យ​តាម​បទបញ្ជាផ្ទៃក្នុង​ជាបន្ទាន់ ៕dcxdsbbbhbgvfdddhbgvaaagvfgdccc