(ខេត្តមណ្ឌលគិរី)៖ កម្លាំងអាជ្ញាធរចម្រុះ រួមមានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ នគរបាលក្រុងសែនមនោរម្យ នគរបាលខេត្តមណ្ឌលគិរី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសែនមនោរម្យ កាលពីវេលាម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះអនុវត្តវិធានការរដ្ឋបាលចំហលើទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេសមួយកន្លែង ស្ថិតនៅរីសត «រតនៈវិសាល» ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពីអភិបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២០នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិចិន ១៨នាក់ ស្រី ២នាក់ ជនជាតិវៀតណាម ១នាក់ និងជនជាតិហ្វីលីពីន ១នាក់។ ក្នុងចំណោមនោះ មានអ្នកកាន់លិខិតឆ្លងដែនជាប់ខ្លួនចំនួន ១៦នាក់ ខណៈ ៤នាក់ទៀតបង្ហាញឯកសារតាមទូរស័ព្ទដៃ។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឆែកឆេរទីតាំង ប៉ុន្តែមិនបានរកឃើញវត្ថុតាង ឬសម្ភារខុសច្បាប់ណាមួយនោះទេ។
ទោះជាយ៉ាងណា តាមការវាយតម្លៃបឋម ជនបរទេសទាំង ២០នាក់ ត្រូវបានសមត្ថកិច្ចកំណត់ថា ជាមុខសញ្ញាស្នាក់នៅប្រមូលផ្តុំ និងមានមុខរបរមិនច្បាស់លាស់។ បច្ចុប្បន្ន អ្នកទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕
អាជ្ញាធរចម្រុះចុះធ្វើរដ្ឋបាលចំហលើទីតាំងស្នាក់នៅជនបរទេសមួយកន្លែង នៅក្រុងសែនមនោរម្យ រកឃើញជនបរទេស ២០នាក់


