កម្ពុជា​នឹង​ស្វាគមន៍​កំណើត​ទារក​កើត​ពី​ការ​ភ្ញាស់​មេជី​វិត​ក្រៅ​ស្បូន​ដំបូងបង្អស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2014 ក+ ក-

គ្លីនិក​សម្ពោធ​ថ្មី Fertility Clinic Cambodia ដែល​ចំណាយ​ដើមទុន​ជាង​១​លាន​ដុល្លារ​ជួយ​បំបាត់​កង្វល់​ស្វាមីភរិយា​ដែល គ្មាន​លទ្ធភាព​មានគភ៌​តាម​ធម្មជាតិ ដោយ​ផ្ដល់ជំនួយ​ផ្នែក​វិទ្យាសាស្ត្រ​ឲ្យ​ពួកគេ​អាច​បង្ក​កំណើត​បាន​ដោយ​ជោគជ័យ​។​
​កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ គ្លីនិក​ដែល​បាន​បើកទ្វារ​មិន​ដល់​មួយខែ​នេះ បាន​ប្រតិ​ប​ត្ដិ​ការបង្ក​កំណើត​កូន​តាមបែប​សិប្បនិម្មិត (IVF) ក្នុងប្រទេស​កម្ពុជា​លើកទីមួយ​។​

​លោក ហោ សំណាង ជា​នាយក​ប្រតិ​ប​ត្ដិ និង​ជា​សហ​ស្ថាបនិក​គ្លីនិក​នេះ​បាន​និយាយថា​៖ «​ខ្ញុំ​ជឿថា វា​គឺជា​ឱកាស​ដ៏​ជោគជ័យ​។ ភាព​អស្ចារ្យ​នៃ​ការ​ភ្ញាស់​មេជី​វិត​ក្រៅ​ស្បូន​ក្នុងប្រទេស​កម្ពុជា​កំពុង តែ​ចាប់ផ្ដើម​»​។​

​លោក និង​លោកស្រី​វេជ្ជបណ្ឌិត ស៊ាន សុខ​ទៀង ជា​ភរិយា​បាន​បង្កើត​នូវ​មន្ទីរពិសោធន៍​នាំចូល​ម៉ាស៊ីន​បច្ចេកវិទ្យា​ខ្ពស់ បំផុត​មក​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​វិបត្ដិ​របស់​គូ​ស្វាមីភរិយា​ដែលមាន វ័យ​កាន់តែ​ជ្រេ​។​
​លោក ហោ សំណាង បាន​ឲ្យ​ដឹងថា​៖ «​សម្រាប់​បន្ទប់ពិសោធន៍​នេះ យើង​មាន​សេវា​ដូចជា ទី​១​ធ្វើការ​វិភាគ​មូលហេតុ​ដែល​បង្ក​ឲ្យ​លំបាក​ក្នុងការ​មានកូន​។ ទី​២​ការបង្ក​កំណើត​នៅក្រៅ​ស្បូន​រួចហើយ ទើប​ចាក់​ចូលក្នុង​ស្បូន​ម្តាយ​វិញ​មាន​ធុង​សម្រាប់​រក្សា​ពង​មេជី​វិត​ញី របស់​ស្ត្រី​។ ទី​៣​មានការ​ប្រឹក្សា​យោបល់​ជាមួយ​ឪពុកម្តាយ​ដែលមាន​ជំងឺឆ្លង​ពី​គាត់ ទៅដល់​កូន និង​សេវាកម្ម​ជាច្រើន​ទៀត​»​។​

​លោក​បាន​បន្ដថា​៖ «​ការភាន់ច្រឡំ​មួយ​ដែល​យើង​បាន​ជួប​ជា​ញឹកញយ​គឺថា អ្នកខ្លះ​គិតថា យើង​ផលិត​ក្មេង​។ យើង​មិន​ធ្វើ​ដូច្នោះ​ទេ​»​។​
​វិធី​ពពោះ​ចាក់​មេជី​វិត​ភ្ញាស់​ក្នុង​កែវ​នេះ​ត្រូវបាន​អនុវត្ដ​តាំងពី ឆ្នាំ​១៩៧៨​។ ស៊ុត​ត្រូវបាន​ប្រមូល​មកពី​ម្ដាយ ហើយ​ធ្វើការ​ផ្សាំ​ក្នុង​មន្ទីរពិសោធន៍​មុនពេល​អំប្រ៊ីយ៉ុង​ដ៏​ល្អ​បំផុត ចំនួន​២​ឬ​៣​ធ្វើដំណើរ​ទៅក្នុង​ស្បូន នឹង​អាច​បង្ក​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​ជោគជ័យ​។​

​អ្នកស្រី ចាន់​រ៉ា វ័យ​៣៣​ឆ្នាំ ជា​អ្នក​មក​ទទួល​សេវា​កម្មនេះ បាន​និយាយថា​៖ «​ខ្ញុំ​រំភើប​ណាស់ និង​អន្ទះសា​រង់ចាំ​ពេលនេះ​ជា​យូរ​មកហើយ​»​។​
​អ្នកស្រី និង​ស្វាមី​បាន​រៀបការ​រយៈពេល​ជាង​៤​ឆ្នាំ​ហើយ ប៉ុន្ដែ​ទោះបីជា​ពួកគេ​ខិតខំ​រិះរក​វិធី​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី​មិន​អាចមាន​ផ្ទៃពោះ​ឡើយ​។ អ្នក​ទាំងពីរ​បាន​ជួប​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​នៅ​សិង្ហ​បុរី និង​ថៃ​ជាដើម ព្រមទាំង​ទទួល​ការព្យាបាល​ដោយ​ប្រើ​ឱសថ​ជំនួយ និង​តាមដាន​រដូវ​ជាប្រចាំ​នៅតែ​គ្មាន​លទ្ធផល​ទាំងអស់​។​
​អ្នកស្រី​បាន​បង្ហើប​ប្រាប់ថា​៖ «​ការព្យាបាល​នៅ​បរទេស​ត្រូវ​ចំណាយ​ខ្ពស់​ណាស់​។ យើង​ត្រូវ​ចាយ​លើ​ការហោះហើរ ការ​ស្នាក់នៅ ម្ហូបអាហារ និង​ការធ្វើដំណើរ​។ នៅទីនេះ ខ្ញុំ​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ជា​ភាសា​ខ្មែរ​តែម្ដង​។ ខ្ញុំ​មាន​អារម្មណ៍​ផាសុកភាព​ក្នុងប្រទេស​កំណើត ហើយ​ក្រុមគ្រួសារ​របស់ខ្ញុំ​អាច​នៅ​កំដរ​ខ្ញុំ​ជាប់​ជានិច្ច​»​។​

​ការបង្ក​កំណើត​ក្នុង​កែវ​មុននឹង​ផ្ទេរ​អំ​ប្រ៊ី​យុង​ចូល​ស្បូន​ម្ដាយ​វិញ នោះ នៅ​ប្រទេស​ថៃ​មានតម្លៃ​ប្រមាណ​៩​ពាន់​ដុល្លារ ខណៈ​អូស្ដ្រាលី និង​អាមេរិក​មានតម្លៃ​១២៥០០​ដុល្លារ​។ ដោយឡែក​នៅ​កម្ពុជា​តម្លៃ​នេះ​ស្ថិតនៅ​ចន្លោះ​៤៧០០​ទៅ​៦០០០​ដុល្លារ​។​
​ថ្វីដ្បិតតែ​ការ​ភ្ញាស់​មេជី​វិត​ក្នុង​កែវ​គឺជា​ការព្យាបាល​ដ៏​ពេញនិយម បំផុត តែ​វា​ក៏​មិនមែនជា​ដំណោះស្រាយ​តែមួយ​មុខ​ចំពោះ​បញ្ហា​បន្ដ​ពូជ​នេះ​ទេ​។​
​ក្នុងចំណោម​អតិថិជន​របស់លោក​ដែល​៩០​ភាគរយ​គឺ​ជនជាតិខ្មែរ​គ្រប់ ស្រទាប់វណ្ណៈ​នោះ លោក​បាន​កត់សម្គាល់ថា​៖ «​ការព្យាបាល​ឲ្យ​មានកូន​មិន​សុទ្ធតែ​ចំណាយ​ខ្ពស់​ទាំងអស់​នោះទេ​។ យើង​មាន​វិធីសាស្ដ្រ​ផ្សេងៗ​ចំពោះ​ស្វាមីភរិយា​ខុសៗ​គ្នា​។ អ្នកខ្លះ​អាចមាន​លទ្ធភាព​ពពោះ​តាមបែប​ធម្មជាតិ​ដោយ​គ្រាន់តែ​ជួយ​ឲ្យ​មាន រដូវ​ទៀងទាត់​វិញ​ប៉ុណ្ណោះ​»​។​

ខណៈ​កម្ពុជា​មិនមាន​ស្ថិតិ​ច្បាស់លាស់​អំពី​បញ្ហា​ដែល​ឪពុកម្ដាយ​មិន អាចមាន​កូន តួលេខ​ជាស​កល​បាន​ប៉ាន់ប្រមាណ​ថា ១​ក្នុងចំណោម​ស្វាមីភរិយា​៦​គូ​ជួប​បញ្ហា​គ្មាន​ផ្ទៃពោះ​នេះ ហើយ​នៅក្នុង​បណ្ដា​ប្រទេស​ដែល​ប៉ះពាល់​ខ្លាំង ប្ដី​ប្រពន្ធ​រហូតដល់​២៥​ភាគរយ​មិនអាច​មានគភ៌​បាន​៕ ប្រភព ៖ប៉ុស្តិ៍ខ្មែរUntitled-1

​រូបតំណាង : កម្ពុជា​នឹង​ស្វាគមន៍​កំណើត​ទារក​ប្រសូត​ដោយ​ការប្រើ​វិធី​ភ្ញាស់​មេជី​វិត​ក្រៅ​ស្បូន​ដំបូងបង្អស់​Untitled-1
​លោកស្រី​វេជ្ជបណ្ឌិត សុខ​ទៀង ពិនិត្យមើល​ស្បូន​អ្នកជំងឺ​។ Charlotte PertUntitled-1
​អ្នកជំនាញ​បរទេស​ធ្វើការ​ពិនិត្យ​មេជី​វិត ។ Charlotte Pert