ភ្នំពេញ៖អតីតឧត្តមសេនីយ៍យោធាផ្កាយ២ និងជាថៅកែក្រុមហ៊ុនដឹក ជញ្ជូន GTS គឹម ម៉ារិន្ថា កាលព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ត្រូវ បានលោកធី ឆៃ ចៅក្រមតុលាការសាលា ដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទយកមកសាកសួរបន្ថែមពាក់ព័ន្ធជុំវិញការឃាតកម្មសម្លាប់ប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំ របស់ខ្លួនហើយយកសពពួកគេទាំងពីរនាក់ទៅបោះចោលនៅជ្រោះ ពេជ្រនិលកាលពីកំឡុងខែកុម្ភៈឆ្នាំ២០១៤ កន្លង ទៅ។
ក្នុងសាលាក្តីសាលាដំបូងរាជធានីភ្នំពេញនាឱកាសនាំជនសង្ស័យមកសួរនាំបន្ដ នៅចំពោះមុខចៅក្រម ធី ឆៃ កាលពីព្រឹកថ្ងៃ ទី៨ ខែតុលានេះ ត្រូវគេមើលឃើញថាមានការលាក់លៀមជាទីបំផុត ខណៈក្រុមអ្នកកាសែតក្នុងស្រុកបានព្យាយាមសុំការបំភ្លឺពីមន្ដ្រីតុលាការយ៉ាងណាក៏ដោយក៏នៅតែពុំមានការផ្ដល់ចម្លើយបានច្បាស់លាស់ដែរ ជាមួយនោះគេក៏ឃើញមានអ្នករត់ការមួយក្រុមបានខ្សឹបខ្សៀវដែលគេគិតថាដើម្បីបិទ ឬក្រូម៉េសំណុំរឿងមួយនេះថែមទៀតផង។
អតីតឧត្តមសេនីយ៍យោធាផ្កាយ២ដែលបានជាប់ចោទរូបនេះ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅព្រំដែនថៃជាប់ប្រទេសឡាវ ហើយត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ សម្រេចធ្វើការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុក ជាមុន» ដែលអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត៕ រដ្ឋា
តុលាការនាំខ្លួនជនជាប់ចោទយកមកសាកសួរបន្ថែម