ភ្នំពេញ៖យ៉ាងហោចណាស់មានអ្នកស្លាប់១.៦៣០នាក់ និងរងរបួសធ្ងន់ចំនួន ២.៥៤៧នាក់ ក្នុងនោះរបួសស្រាលចំនួន ៩២៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៤នេះ ។
តាមសេចក្ដីរាយការណ៍ ក្នុងសិក្ខាសាលាស្ដីពីកត្ដាហានិភ័យលើការបើកបរមិនពាក់មួកសុវត្ថិភាព និង ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៤នេះ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងប្រមាណ ៣.៦៣៨លើកនៅទូទាំងប្រទេសបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១.៦៣០នាក់ រងរបួសចំនួន ២.៥៤៧នាក់ និង របួសធ្ងន់ចំនួន ៣.៤៧៦នាក់ ក្នុងនោះរបួសស្រាល ចំនួន ៩២៩នាក់។
លោក ឈួន វ៉ន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា បច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺជាកត្តាហានិភ័យមួយដែលប្រឈម មុខយ៉ាង ខ្លាំងបង្កឡើងដោយសារកត្ដាមនុស្សកត្ដាផ្លូវថ្នល់ និងកត្ដាយានយន្ដ។ ក្នុងនោះ កត្ដាមនុស្ស មានរហូតដល់៩៦% ដែលភាគច្រើនកើតមកពីការ បើកបរហួសល្បឿនកំណត់ និងការបើកបរក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម៕ ថានី