ខេត្តឧត្តរមានជ័យ៖ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរ៥នាក់ ក្នុងចំណោម១៤នាក់ បានរងរបួសធ្ងន់ និងស្រាលដោយសារទាហានថៃបាញ់ ខណៈពួកគេបានចូលទៅរុករកឈើគ្រញូងក្នុងទឹកដីថៃជាប់ ព្រំដែនកម្ពុជា ។
មន្ត្រីអាជ្ញាធរបានផ្តល់ព័ត៌មានថា ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ខណៈដែលពលរដ្ឋខ្មែរទាំងនោះបានស្ពាយឈើត្រឡប់ចូលមកដីកម្ពុជាវិញ ហើយជួបនឹងទាហានថៃនៅចំណុចព្រំដែនភូមិសាស្ត្រ ស្រុកភូសីង ខេត្តស៊ីសាកេត (ដីថៃ) ប្រឈមនឹងច្រកអូរឫស្សីលើភ្នំព្រំដែន ក្នុងភូមិចាថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពខាងលើបន្តថា ជនរងគ្រោះទាំង ៤ នាក់ មានឈ្មោះ១-អល់ បូរី ភេទប្រុស អាយុ ២៥ឆ្នាំ របួសភ្លៅខាងស្តាំ។ ២ឈ្មោះ សុខ មឿន ភេទប្រុស អាយុ ២១ឆ្នាំ របួសកំភួនជើងស្តាំ។ ៣ឈ្មោះ ប៉ាន់ ភេប្រុស អាយុ ២៩ឆ្នាំ របួសជើង និងម្នាក់ទៀត ឈ្មោះ ឈុន ឡោះ ភេទប្រុស អាយុ ៣៦ឆ្នាំ របួសធ្ងន់ មិនទាន់យកមកដល់មន្ទីរពេទ្យនៅឡើយ។ ជនរងគ្រោះទាំង ៤នាក់នោះ ជាអ្នកភូមិជ័យនិវឌ្ឍន៍ ក្នុងឃុំស្រុកខាងលើជាមួយគ្នា។
ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ កាន គឿន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ឹម ពៅ អាយុ ៣៥ ឆ្នាំ រស់នៅភូមិជ័យនិវឌ្ឍន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដែលត្រូវទាហានថៃបាញ់ឲ្យរបួសជើងខាងឆ្វេង និងក្រោមឃ្លៀកខាងស្តាំ បាននិយាយឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ រូបគេ និងអ្នកភូមិផ្សេងទៀតសរុបចំនួន ១៤ នាក់ បានចូលទៅក្នុងទឹកដីថៃដើម្បីរកឈើគ្រញូង តាមច្រកអូរឫស្សី ក្នុងភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។ លុះថ្ងៃទី៩ ខែឆ្នាំដដែល ក៏នាំគ្នាត្រឡប់មកវិញ ដោយបានឈើគ្រញូងបន្តិចបន្ដួច គ្រាន់លក់ដោះស្រាយជីវភាព លុះធ្វើដំណើរជិតដល់ចំណុចជាប់ព្រំដែនខ្មែរហើយ ស្រាប់តែជួបនឹងទាហានថៃប្រមាណ៤នាក់ ពួកគេក៏បានបាញ់រះជាច្រើនគ្រាប់មកលើពួកខ្លួនយ៉ាងឃោឃៅធ្វើឲ្យពួកខ្លួនរត់បែកផ្លូវគ្នាតែរៀងៗខ្លួន។
មន្ត្រីអាជ្ញាធរខេត្តឧត្តរមានជ័យមិនអាចទាក់ទងសុំការបំភ្លឺពាក់ព័ន្ធនឹងករណីដូចខាងលើបានទេកាលពីសៀលម្សិលមិញនេះ៕រដ្ឋា