​លោក​ថាច់ សេដ្ឋា ដាក់បណ្តឹង​ពី​ករណី​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2014 ក+ ក-

ភ្នំពេញ​៖ លោក ថាច់ សេដ្ឋា ប្រធាន​សហ គមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានសម្រេច នឹងដាក់​ពាក្យបណ្តឹង​ប្តឹង ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដើម្បី​បើក​ការ ស៊ើប អង្កេត​លើ​ករណី​ជន​មិន​ស្គាល់មុខ​គំរាម​សម្លាប់​រូបលោក​តាម​ទូរស័ព្ទ​។​

លោក​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា​នេះ​ថា លោក​នឹងដាក់​ពាក្យបណ្តឹង​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចំពោះ​ករណី​ជន​មិន​ស្គាល់មុខ​គំរាម​តាម​ទូរស័ព្ទ​សម្លាប់​រូបលោក ។ មូលហេតុ​ដែល​លោក​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​ដោយសារ​អ្នក​គំរាម​សម្លាប់​រូបលោក​នៅក្រៅ​ប្រទេស ដើម្បី​ឲ្យ​វែកមុខ​អ្នក​ដែល​គំរាម​ខ្ញុំ និង​ដើម្បី​រក​យុត្តិធម៌​ដល់​ខ្ញុំ​”​។

លោក ថាច់ សេដ្ឋា បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែតុលា និង​នៅ​ថ្ងៃទី​៨ ខែតុលា មាន​ជន​មិន​ស្គាល់ អត្តសញ្ញាណ​បាន​ទូរស័ព្ទ​មក​លោក​ដោយនិយាយ​ជា​ភាសា​យួន​គំរាម​បាញ់សម្លាប់​រូបលោក​បើសិនជា​លោក​នៅតែ​បន្ត​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​ជាមួយ​យួន​ទៀត​។ លុះដល់​ព្រឹក​ថ្ងៃទី​៨ ខែតុលា នៅវេលា​ម៉ោង​ជិត ៩​ព្រឹក ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដដែល​នោះបាន​ទូរស័ព្ទ​មក​លោក​ដោយបាន​គំរាម សម្លាប់​រូបលោក​។ ការ​គំរាម​សម្លាប់​នេះ គឺ​គេ​បាន​និយាយ ជា​ភាសា​យួន​ថា​“ អ្នកឯង​ដឹកនាំ​ធ្វើបាតុកម្ម ត្រូវ​ប្រយ័ត្ន​ខ្លួន​វៀតណាម​ជួយ​កម្ពុជា​ច្រើនណាស់ អ្នកឯង​ត្រូវ​បញ្ឈប់​ការតវ៉ា​មុខ​ស្ថានទូត​វៀតណាម​”​។

​លោក បញ្ជាក់ថា ចំពោះ​ការ​គំរាម​សម្លាប់ មកលើ​រូបលោក គឺ​លោក​មិនមាន​ការ ព្រួយបារម្ភ​អ្វី​ទេ ហើយ​អ្វីដែល​ជាការ​គំរាម គឺជា​រឿង​ធម្មតា ពីព្រោះ​នេះ​គឺជា​ទឹកដី​របស់​ខ្មែរ អត់​មាន​បញ្ហា​អ្វី​ទេ​។ “​ជន​មិន​ស្គាល់មុខ​នោះ គេ​បាន​ទូរស័ព្ទ​ថា ឈប់​ឲ្យ​ខ្ញុំ​មក​បាតុកម្ម មុខ​ស្ថានទូត​យួន​ទៀត បញ្ឈប់​ប្រឆាំង​វៀតណាម កាលណា​បើ​យើង​ប្រឆាំង​វៀតណាម កងទ័ព​គេ​នៅ​នឹង​(​កម្ពុជា​)​ច្រើន គេ​នឹង​សម្លាប់​យើង ពីព្រោះ​វៀតណាម ជួយ​ម្ពុ​ជាច្រើន​ណាស់ ស្លាប់​ច្រើនណាស់ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ហើយ​ប្រទេស​កម្ពុជា រស់​បាន​នេះ គឺ​គេ​ជួយ​”​។

លោក ថាច់ សេដ្ឋា បាន​បញ្ជាក់ថា ការ​គំរាម​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​បង្ហាញ​ការពិត រឿង​វៀតណាម​យក​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ពីព្រោះ​វៀតណាម​មិន​ចង់​ឲ្យ​យើង​និយាយ​នូវ​ការពិត​៕រដ្ឋា

Untitled-1Untitled-1