ភ្នំពេញ៖គិតត្រឹមខែកញ្ញា ឆ្នាំ២០១៤ នេះ អគ្គ នាយកដ្ឋានពន្ធដារបានប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិ ចំនួន ៣១៧. ៨៨៤ លានរៀល (៧៩,៥លានដុល្លារ) មានការកើនឡើងស្មើនឹង ១០,៨%បើប្រៀបធៀបទៅនឹងចំណូលពន្ធប្រចាំកាលពីខែកញ្ញា ឆ្នាំ២០១៣ ។
សេចក្តីប្រកាសព័ត៌មាននៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៤ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារ និងបង់ចូលថវិកាជាតិបាន ចំនួន ៣១៧.៨៨៤ លានរៀលគឺប្រមាណ ៧៩,៥លានដុល្លារអាមេរិក ដែលចំណូលនេះ មានការកើនឡើងប្រៀបធៀបនឹងចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៣ ប្រមាណស្មើនឹង ១០,៨%។
កិច្ចប្រជុំបានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ ដែលសម្រេចប្រមូលចំណូលពន្ធដារប្រចាំខែកញ្ញាឆ្នាំ២០១៤ និង បានជំរុញ លើក ទឹកចិត្តសមាជិកអង្គប្រជុំដែលជាតំណាងមន្ត្រីពន្ធដារទូទាំងប្រទេសឲ្យខិតខំជម្នះការលំបាក និង បញ្ហាប្រឈមនានា ខិតខំអនុវត្តន៍ភារកិច្ចប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យបានសម្រេចតាមគោល ដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងបង្កើនការផ្តល់សេវាដល់អ្នកជាប់ពន្ធឲ្យបានល្អប្រសើរថែមទៀត៕