អូស្ត្រាលី ៖ សារព័ត៌មានឌឺអែហ្គ (The AGE) ចេញផ្សាយនៅអូស្ត្រាលី នាថ្ងៃទី២០ ខែតុលា នេះ បានសរសេរថា ក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានចំណាយលុយជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់មណ្ឌលឃុំឃាំងជនភៀសខ្លួននៅលើកោះចំនួនពីរ គឺកោះម៉ែននុស (Manus) និងកោះណារូ(Naru) របស់ប្រទេសអូស្ត្រាលី ។
គួរជម្រាបថា គោលនយោបាយរបស់នាយករដ្ឋមន្ត្រីអូស្ដ្រាលី លោក ថូនី អាបត (Tony Abbott) គឺចង់កាត់បន្ថយការចំណាយដ៏លើសលុបនៃការទទួលជនភៀសខ្លួនពីបរទេស។
តាមរបាយការណ៍ប្រចាំឆ្នាំ សារពើពន្ធ២០១៤-២០១៥ របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងថា ការចំណាយលើជនភៀសខ្លួន នៅកោះណារូ មានចំនួនជាង ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
សារព័ត៌មានដដែលបានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ អូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កន្លងមកជាថ្នូរនឹងទឹកប្រាក់ប្រមាណ៣៥លានដុល្លារអាមេរិក ដើម្បីឲ្យកម្ពុជាទទួលយកជនភៀសខ្លួន ពីកោះណារួ ដែលមានជនភៀសខ្លួន ប្រមាណ១ពាន់នាក់កំពុងរស់នៅទីនោះ៕