ខេត្តកំពង់ឆ្នាំង:ក្រុមចោរប្រដាប់អាវុធ៣នាក់ បានបាញ់សម្រុកទៅលើបុរសពីរនាក់បងប្អូនដែលកំពុង អង្គុយ មុខផ្ទះប្លន់យកមាស និងទ្រព្យសម្បត្តិ ហើយឡើងជិះម៉ូតូគេចខ្លួនបាត់ កាលពីម៉ោងប្រមាណជិត ៥ ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្សារព្រៃខ្មែរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អ្នករាយការណ៍ព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះពីរនាក់បងប្អូនបានបិទទ្វារផ្ទះ ហើយចេញមកអង្គុយលេងនៅមុខផ្ទះ ស្រាប់តែមានជនប្រដាប់អាវុធ ៣ នាក់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ មកដល់ឈប់នៅមុខផ្ទះ ហើយបានបាញ់សំដៅទៅលើជនរងគ្រោះ ចំនួន ៨ គ្រាប់ បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមនោះ ក្រុមចោរបានចូលប្រមូលយកទ្រព្យសម្បត្តិហើយឡើងជិះគេចខ្លួនបាត់។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះសួន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងនារីម្នាក់ទៀតដែលត្រូវជាប្អូនស្រី ឈ្មោះសួន បូរិន រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ប្រភពបន្តទៀតថា ក្រុមចោរមានគ្នាបីនាក់ប្រដាប់ដោយអាវុធ ចំនួន ២ ដើម ខ្លី១ដើម និងវែង ១ដើម។សមត្ថកិច្ចបានកំពុងធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាចាប់យកមកចាត់ការតាមច្បាប់៕
រូបថតៈcen