ខេត្តកំពង់ឆ្នាំង៖ ក្រសួងកសិកម្មបានប្រកាសលក់ឡាយឡុងរថយន្តចម្រុះម៉ាកចំនួន៧៥៧គ្រឿង ដែលរដ្ឋបាលព្រៃឈើគ្រប់ខេត្តក្រុងទូទាំងប្រទេសបង្ក្រាបនិងដកហូតពីបទល្មើសព្រៃឈើតាំងពីឆ្នាំ២០០៤ដល់២០១១ ដែលក្នុងនោះរថយន្តចំនួន១៦គ្រឿងនៅទីចាត់ការរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងត្រូវអ្នកចូលដេញថ្លៃនាំគ្នាមកដឹកយកចេញនៅល្ងាចថ្ងៃទី២១ ខែតុលាឆ្នាំ២០១៤នេះ។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងលោក ថោង វីរ៉ាវុឌ្ឍី បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែតុលានេះថា យោងតាម ស ជ ណ លេខ១០៨៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានចេញប្រកាសលេខ៤២៦ ប្រ ក . កស ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ដាក់ដេញថ្លៃលក់ឡាយឡុងនូវរថយន្តប្រមាណ៧៥៧គ្រឿង ដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើនៅគ្រប់ខេត្តក្រុងបង្ក្រាប និងដកហូតបានពីបទល្មើសព្រៃឈើពីឆ្នាំ២០០៤ ដល់២០១១។ការប្រកាសនេះ ប្រយោជន៍ដើម្បីជម្រះចេញពីបញ្ជីកត់ត្រាសារពើភ័ណ្ឌរបស់រដ្ឋក្រោយពីតុលាការបានប្រកាសសាលក្រមរឹបអូសយកជាសម្បត្តិរដ្ឋរួចមក។
តាមនីតិវិធី ការប្រកាសដាក់អោយដេញថ្លៃរថយន្តជាសាធារណៈបានធ្វើនៅថ្នាក់ជាតិ ដោយមានអ្នកចុះឈ្មោះដេញថ្លៃចំនួន៤នាក់។ ការដេញថ្លៃនោះបានទៅឈ្មោះ ម៉ា សុធី ក្នុងតម្លៃ ២៤៨.៩៥០.០០០រៀល (ពីររយសែសិបប្រាំបីលានប្រាំបួនរយហាសិបពាន់រៀល ) ប៉ុន្តែការដាក់រថយន្តលក់ដេញថ្លៃគឺបានតែរថយន្តចំនួន៥៤៣ គ្រឿងតែប៉ុណ្ណោះ ព្រោះរថយន្តចំនួន២១៤គ្រឿងទៀតពុកផុយរលួយត្រូវលក់ជារបស់អេតចាយ៕