ប្រើប្រាស់​ថ្ងៃ​រំលឹក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស២៣តុលា​ទៅនឹង​ទំនាស់​ដីធ្លី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2014 ក+ ក-

​ភ្នំពេញ​៖ ព្រះសង្ឃ យុវជន និង​ប្រជា​សហ គមន៍​មាន​ជម្លោះដីធ្លី​រាប់រយ អង្គ​.​នាក់ បាន​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថានទូត​បារាំង​នៅ​ខាងលិច​គល់ស្ពាន​ជ្រោយចង្វា ប្រយោជន៍​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រទេស​ក្នុង​ហត្ថលេខី​ពិនិត្យមើល​ការអនុវត្ត​លើ​ខ្លឹមសារ​សន្ធិសញ្ញា ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដើម្បី​បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន និង​ធានា​បូរណភាព​ទឹកដី​។​

​អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​នេះ ក្រុមយុវជន ព្រះសង្ឃ និង​ប្រជា​សហគមន៍​ដែល​មកជួប​ជុំគ្នា​នៅមុខ​ស្ថានទូត​បារាំង ក្នុង​រាជធានី​ភ្នំពេញ​បាន​លើក​បដា និង​ថ្លែង​សារ​ជំរុញ​ឲ្យ​ប្រទេស​បារាំង ដាក់​សម្ពាធ​ឲ្យ​កម្ពុជា និង​ប្រទេស​ជា​ភាគី​ហត្ថលេខី​នៃ​ស​ន្និ​សញ្ញា​ទីក្រុង​ប៉ារីស​ផ្សេងទៀត អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​ខ្លឹមសារ​សន្ធិសញ្ញា​នោះ​។ ប្រជា​សហគមន៍​លើកឡើងថា បច្ចុប្បន្ន​កម្ពុជា​នៅតែ​ទទួល​ការរំលោភ​ឈ្លានពាន​ទឹកដី​ពី​ប្រទេសជិតខាង​រួមមាន វៀតណាម និង​ថៃ ចំណែក​នៅក្នុង​ប្រទេស​វិញ​ការរំលោភ​សិទ្ធិមនុស្ស​ប​ណ្តេ​ញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ជាច្រើន​កន្លែង​ដែរ​។​

គួរ​ជម្រាប​ថា ស​ន្និ​សញ្ញា​ទីក្រុង​ប៉ារីស​ធានា​នូវ​សន្តិភាព ការគោរព​សិទ្ឋិ​មនុស្ស និង បូរណភាព​ទឺ​កដី​កម្ពុជា​ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី ជា​សហប្រធាន​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១​នេះ​។​
​តាម​គម្រោង​ក្រោយពេល​ជួបជុំគ្នា ប្រជា​សហគមន៍​នឹង​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត​ចំនួន​៨ ក្នុងចំណោម​ប្រទេស​ទាំង​១៨ នៃ​ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ក្នុងនោះ​រួមមាន​ទូត​បារាំង អាមេរិក ជប៉ុន រុស្ស៊ី និង​ចិន​ជាដើម​។

ប៉ុន្តែ​នៅ​រសៀល​ក្នុង​ថ្ងៃ​ដដែល​នេះដែរ សាលា​រាជធានី​ភ្នំពេញ​បាន​សេចក្តីប្រកាស​ថ្កោលទោស​ចំពោះ​អ្នកដឹកនាំ​រៀបចំ​ពិធី​ដង្ហែ​ក្បូន​រំលឹក​ខួប​លើក​ទី​២៣ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី ដែល​បាន​ប្រព្រឹត្តិ​ខុស​ផ្ទុយ​ពី​ការពិភាក្សា និង​ការសន្យា​ជាមួយ​សាលាក្រុង ព្រោះ​អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​ត្រឹម​ប្រារព្ធ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ដោយ​មិន​ឲ្យ​មានការ​ដង្ហែ​ក្បួន​នោះឡើយ តែ​ផ្ទុយទៅវិញ​អ្នករៀបចំ​ប្រារព្ធ​ពិធី​បាន​ពង្រីក​ការជួបជុំ​នៅ​បរិវេណ​មុខ​ស្ថានទូត​បារាំង លើ​សួនច្បារ និង​លើ​ទ្រូងផ្លូវ នៃ​កំណាត់​មហាវិថី​ព្រះមុនីវង្ស ព្រមទាំង​បិទផ្លូវ​សាធារណៈ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង និង​គ្រោង​ដង្ហែ​ក្បួន​ថែម​ទៀតផង​៕ ជំនិត

Untitled-1ប្រជាពលរដ្ឋ​លើក​បដា​ដើម្បី​រំឭក​ដល់​ថ្ងៃ​សន្ធិសញ្ញា​ក្រុងប៉ារីស ២៣ តុលា ១៩៩១