ត្រី​ផ្សោត​១​ក្បាល​ដែល​ចេញពី​ខេត្តក្រចេះ​ងាប់​នៅក្នុង​ទន្លេ​ប្រទេស​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2014 ក+ ក-

តាកែវ​៖ ត្រី​ផ្សោត​មួយ​ក្បាល​ឡើង​មកពី​ខេត្តក្រចេះ បាន​មកដល់​ទឹកដី​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៤ ហើយ​បាន​វិលវល់​អស់​ជាង​២​ថ្ងៃ​ទើប​ងាប់ នៅក្នុង​ប្រទេស​វៀតណាម ដែលមាន​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា​សុំ​ខាង​អាជ្ញាធរ​វៀតណាម​យក​ត្រី​ផ្សោត​នោះ មក​រក្សាទុក​នៅ​ស្នាក់ការ​ជលផល​។​

​លោក ខឹម ប៊ុនថន នាយផ្នែក​រដ្ឋបាល​ជល​ផល​អង្គរបុរី បានអោយដឹងថា ត្រី​ផ្សោត​ដែល​បាន​មកដល់​ស្រុក​អង្គរបុរី​មានតែ​១​ក្បាល​ទេ ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ រួមសហកា​ជាមួយ​សមត្ថកិច្ច​ចំរុះ​តាម​ស្វែងរក​ដើម្បី​នាំ​ត្រី​ផ្សោត នេះ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​។​

លោក​បន្តទៀតថា ក្រោយពី​កម្លាំងចម្រុះ​ស្វែងរក​មិនឃើញ ក៏​ស្រាប់តែ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​១១​ថ្ងៃ​ព្រឹក ក៏​ស្រាប់តែ​ជំនាញ​ទទួលបាន​ព័ត៌មាន​ពី​ខាង​អាជ្ញាធរ​ស្រុក​អាំង​ភូ ខេត្ត​អាំង​យ៉ាង ប្រទេស​វៀតណាម ដែលមាន​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា​ថា មាន​ត្រី​ផ្សោត​១​ក្បាល​ងាប់​ហើម​ធំ​ក្លិនស្អុយ ហើយ​កម្លាំង​ជំនាញ​ជលផល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សុំ​ខាង​អាជ្ញាធរ​វៀតណាម​យក​ត្រី​ផ្សោត​មក​រក្សាទុក​នៅ​ស្នា ក់​ការ​ជលផល​អង្គរបុរី និង​បន្ត​យកទៅ​នាយកដ្ឋាន​រដ្ឋបាល​ជលផល​។​

សូមបញ្ជាក់ថា ត្រី​ផ្សោត​ដែល​បាន​បាត់បង់​ជីវិត​នេះ​មាន​ប្រវែង​២​ម៉ែត្រ​៣​តឹក ទម្ងន់​ជាង​១០០​គីឡូក្រាម ហើយ​ការបាត់​បង់ជីវិត​ខាង​ជំនាញ​សន្និដ្ឋានថា បណ្តាលមកពី​ត្រី​ផ្សោត​នេះ​ចូលទៅក្នុង​ទឹកដី​វៀតណាម​ដែលជា​ទឹក ត្រី​ផ្សោត​ពុំ​ធ្លាប់​រស់នៅ និង​ម្យ៉ាងទៀត​បណ្តាលមកពី​កង្វះ​អាហារ​៕​