ស្ពាន​ជ្រោយចង្វា​ទី​២​នឹង​បើក​ឲ្យ​ដំណើរ ការ​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2014 ក+ ក-

ភ្នំពេញ​៖ ស្ពាន​ជ្រោយចង្វា​ទី​២ នឹងត្រូវ​ដំណើរ ការ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​ដើម្បី​ចូលរួម​អបអរ សាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។
លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៨ ខែតុលា​នេះ​ថា នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤​ខាងមុខនេះ ប្រជាពលរដ្ឋ​នឹង​បានធ្វើ​ដំណើរ​ឆ្លងកាត់ ស្ពាន​ជ្រោយចង្វា​ទី​២​នេះ ក្នុងឱកាស​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ឡើងវិញ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិនទាន់​កំណត់​យក​ថ្ងៃ​កាត់​ខ្សែបូរ​សម្ពោធ​ជា​ផ្លូវការ​នៅឡើយ​។​

គួរ​បញ្ជាក់ថា ស្ពាន​ជ្រោយចង្វា​ទី​២ ដែលជា​ស្ពាន​ភ្លោះ​បន្ទាប់ពី​ស្ពាន​ច្បារអំពៅ​នោះ មាន​ទទឹង​ប្រវែង ១៣,៥​ម៉ែត្រ បណ្តោយ​ប្រវែង​១២៦០​ម៉ែត្រ បាន​បើក​ដំណើរការ​សាងសង់​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បើតាម​មន្ត្រី​ជំនាញ ស្ពាន​នេះ​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែធ្នូ ឆ្នាំ​២០១៤​។​

ស្ពាន​ជ្រោយចង្វា​ទី​២​នេះ ថវិកា​ដែល​ត្រូវ​ចំណាយ​សាងសង់​អស់ ២៧,៥​លាន​ដុល្លារ​អាមេរិក ឥណទាន ហិរញ្ញប្បទាន ពី​ប្រទេស​ចិន ហើយ​ការសាងសង់​ស្ពាន​នេះ មាន​ទាំង​អ្នកបច្ចេកទេស​ចិន និង​កម្ពុជា រួមគ្នា​ដោយ​អ្នកបច្ចេកទេស​ចិន បាន​ផ្ទេរ​បច្ចេកវិជ្ជា ឱ្យ​វិស្វករ​កម្ពុជា មានបទពិសោធន៍ ក្នុងការ​សាងសង់ សម្រាប់​អនាគត​ផងដែរ៕

Untitled-1