រាជធានីភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនោះ បានកើតឡើងចំនួន១១លើក, បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត របួសធ្ងន់១១នាក់ និងរបួសស្រាល៦នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកបណ្ដាលឲ្យខូចខាតម៉ូតូ១០គ្រឿង, រថយន្តធុនតូច ៣គ្រឿង, រថយន្តធំ ១គ្រឿង, យានផ្សេងៗ ៣គ្រឿង និងថ្មើរជើង ១នាក់។ របាយការណ៍បញ្ជាក់ថា មូលហេតុមកពីបើកបរលឿន ៣លើក, មិនគោរពសិទ្ធិ ៤លើក, ប្រជែង ២លើក, បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ ១លើក។
ជាមួយគ្នានោះចំពោះការងារត្រួតពិនិត្យអនុត្តន៍ច្បាប់ចរាចរណ៍ គឺមានមធ្យោបាយចូលគោលដៅចំនួន ៤១.៥៥៣គ្រឿង (ម៉ូតូ ៦៤ភាគរយ), មធ្យោបាយល្មើស ៦.៦២២គ្រឿង (ម៉ូតូ ៦៨ភាគរយ), អប់រំ ២.៥៦៩គ្រឿង ស្មើនឹង ៣៩ភាគរយ, ពិន័យ ៤.០៥៣គ្រឿង (បង់ប្រាក់ ៨៥ភាគរយ)៕