រាជធានីភ្នំពេញ៖អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលម្នាក់ត្រូវបានសមាជិកសមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជាចាប់ខ្លួនបញ្ជូនទៅសមត្ថកិច្ចកាលពីព្រឹកមិញទាក់ទងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនិយាយប៉ះពាល់ ដល់សមាគម។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។
អតីតអ្នកបើកបររដយន្តម្នាក់ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ បុល ត្រូវបានសមាជិករបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាចាប់ខ្លួននៅម៉ោងប្រមាណ៨ព្រឹកថ្ងៃសុក្រនេះ នៅមុខផ្សារទំនើបរតនាផ្លាសាក្នុងសង្កាត់ទឹកថ្លា រួចបញ្ជូនទៅសាលាសង្កាត់កាកាប។
លោក គួយ សាត មន្ត្រីសមាគមកម្មករសេដ្ឋកិច្ច ក្រៅប្រព័ន្ធបានបញ្ជាក់ថា អតីតអ្នកបើករថយន្តរូបនោះត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកបានចែកខិតប័ណ្ណអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ សេវារបស់ក្រុមហ៊ុនកាពីតូល និងសេវារបស់សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដោយក្នុងលិខិតនោះបញ្ជាក់ថា ស្ថាប័នទាំងពីរនេះ រំលោភច្បាប់និងប្រើហិង្សា លើអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដែលគេស្គាល់ថា ជាសមាគមរបស់អ្នករត់ម៉ូឌុប និងម៉ូតូកង់បីបានឃាត់ខ្លួនអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលចំនួន៧នាក់ នៅពេលអតីតអ្នកបើកឡានទាំងនោះធ្វើសកម្មភាពចុះចែកខិតប័ណ្ណនៅតាមផ្លូវ។
យ៉ាងណាក៏ដោយសមត្ថកិច្ច អះអាងថា អតីតអ្នកបើកបររថយន្តរូបនោះត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញហើយ ហើយសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេ គឺគ្រាន់តែហៅមកសាកសួរប៉ុណ្ណោះ៕