ក្រុមគ្រួសារ​សមាជិករ​ណ​សិរ្ស​រំដោះ ជាតិខ្មែរ​ទាំង​១០​នាក់​ដែល​អាជ្ញាធរ​ឃុំ ខ្លួន​ទាមទារ​ឲ្យ​ដោះលែង ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2014 ក+ ក-

ភ្នំពេញ​៖​ក្រុមគ្រួសារ​នៃ​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន ១០​នាក់ ដែល​ត្រូវ​អាជ្ញា ធរចាប់ខ្លួន​កាលពី​សប្ដាហ៍​មុន អំពាវនាវ​សុំ​ឲ្យ​អង្គការ សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ  លែងពួកគាត់​មកវិញ និង​ជួយផ្តល់​មេធាវី​ឲ្យ​អ្នក​ទាំង ១០​នាក់​នោះ​ឲ្យ​បាន​ឆាប់​។​

ចំណែក​ខាង​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) បានទទួល​សំណើ​នេះហើយ និង​កំពុង​ប្រជុំពិភាក្សា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​រក​មេធាវី​ការពារ​រឿងក្តី​មួយ​នេះ ដែល​ទាក់ទង​នឹង​បទ​ចោទ​ចូលរួម​ក្នុង​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​។​

សមត្ថកិច្ច​ឃាត់ខ្លួន​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ ១០​នាក់​នោះ ក្នុងអំឡុងពេល​ពួកគេ​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត វៀតណាម ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​
​ស្ត្រី​ម្នាក់​ឈ្មោះ ឈឹម វិ​មេន អាយុ​ជាង ២០​ឆ្នាំ រស់នៅ​ខេត្តព្រះវិហារ ជា​កូន លោក ឈឹម ស្ម័គ្រ ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ តុលា​។ លោកស្រី​មានប្រសាសន៍ថា ឪពុក​គាត់​ពុំបាន​ធ្វើ​អ្វី​ខុស​ដូច​ការចោទប្រកាន់​នោះទេ​។​

​ឆ្លើយតប​ករណីនេះ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​នៅ​ថ្ងៃទី​២៧ តុលា ថា សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក និង​បាន​បញ្ជូនទៅ​តុលាការ​ហើយ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី មាន​សេចក្តីក្លាហាន​ចូលមក​បំភ្លឺ​ចំពោះមុខ​តុលាការ​ដោយផ្ទាល់ ទើប​ជាការ​ប្រសើរ​៖ «​យើង​មាន​ឯកសារ​សកម្មភាព​ត្រឹមត្រូវ ដែល​ដាក់​បញ្ជូនទៅ​តុលាការ ពុំមែន​ធ្វើការ​ចោទប្រកាន់​ទៅតាម​ការនឹកឃើញ ហើយ​បើ​និយាយ​តាមច្បាប់ ស្អី​ក៏ដោយ​ដែល​ធ្វើ​សកម្មភាព​នៅលើ​ទឹកដី​កម្ពុជា ត្រូវតែ​គោរព​តាមច្បាប់​កម្ពុជា ហើយ​អង្គការ​រណសិរ្ស​គាត់​អត់​បានធ្វើ​ពាក្យ​ដាក់​ច្បាប់ គាត់​បង្កើត​រណសិរ្ស​ដោយ​ខ្លួនឯង បានសេចក្តីថា ជា​រណសិរ្ស​មួយ​ស្ថិតនៅ​ក្រៅច្បាប់​ទៅទៀត​»​។​

​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​កំពុង​តាមដាន​អង្កេត​រឿងនេះ មានប្រសាសន៍ថា សកម្មភាព និង​ភស្តុតាង​ជាក់ស្តែង បើ​ធៀប​ទៅនឹង​បទ​ចោទ​នោះ វា​ហាក់ដូចជា​មិន​ស៊ីសង្វាក់​គ្នា​ឡើយ​។ លោក​បន្តថា ករណីនេះ​ទំនងជា​សមត្ថកិច្ច​រដ្ឋា​ភិ​បាល ចោទ​ភ្ជាប់​ទៅនឹង​ករណី​ចលនា​ក្បាល​ខ្លា​កាលពី​ឆ្នាំ​២០០៩ ដែលមាន​ទាក់ទង លោក សោម ឯក និង​មនុស្ស​មួយចំនួន​ផ្សេងទៀត​៖ «​ដោយសារ​កាលនោះ លោក សម សេរី មាន​ថតរូប​ជាមួយ លោ សំ ឯក អី​ដែរ ហើយ​កាល​នោះគេ​ហៅថា​ចលនា​ក្បាល​ខ្លា ហើយ​អ៊ីចឹង​រដ្ឋាភិបាល​ចោទប្រកាន់​ដូចគ្នា ដោយ​បង្វិល​ពី​ចលនា​ក្បាល​ខ្លា មកជា​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​»​។​

​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី ជា​អ្នកដឹកនាំ​ចលនា​មួយ​ប្រឆាំងនឹង​របប​គ្រប់គ្រង​របស់លោក​នាយ​ក រដ្ឋមន្ត្រី ហ៊ុន សែន ដោយបាន​ធ្វើ​យុទ្ធនា​ការទាមទារ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់បាន​កាត់ទោស​កំបាំង​មុខ លោក សម សេរី ឲ្យ​ជាប់​ពន្ធនាការ​រយៈពេល ៩​ឆ្នាំ​ម្តង​រួចមកហើយ ពីបទ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​។​

​ទោះយ៉ាងណា​ក្តី លោក សម សេរី បដិសេធថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​ក្រុម​ប្រដាប់អាវុធ​ដើម្បី​ផ្ដួល រំលំ​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​ទទួលស្គាល់ថា លោក​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា​។​
​បច្ចុប្បន្ន អ្នក​ទាំង ១០​នាក់​នោះ កំពុង​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស និង​កំពុង​អនុវត្តតាម​នីតិវិធីរ​បស់​តុលាការ​៕

Untitled-1

 

 

 

 

​​(​ឈរ​កណ្ដាល​) លោក សម សេរី​ ថតជាមួយសមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ (រូបថតៈប៉ូលីស)