រាជធានីភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចំនួន២ខណ្ឌដេញស្ទាក់ឃាត់បានភ្លាមៗបន្ទាប់ពីផឹកស្រាស្រវឹង ហើយជិះម៉ូតូ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់យ៉ាងរំភើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ ។
ជនបាញ់បោះសេរីខាងលើ មិនត្រូវគេបានស្គាល់អត្តសញ្ញាណនោះទេ តែមានអាវុធហត្ថម្នាក់ បានបង្ហើបប្រាប់ថា ជននោះជាមន្ត្រីអាវុធហត្ថ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាក Wave 110CC ពណ៌ក្រហម ពាក់ស្លាកលេខ 1FE-6269 ទើបចេញពីហាងផឹកស៊ីមួយ នៅតាមផ្លូវ២០០៤ លុះជិះមកដល់មុខហាង យីហោសែនរីករាយ ជននោះក៏បានដកកាំភ្លើង ពីចង្កេះបាញ់ឡើងលើ១គ្រាប់ បង្កការភ្ញាក់ផ្អើល ដល់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលយាមតាមហាងនៅផ្លូវ២០០៤ ចេញដេញតាម និងរាយការណ៍តាមវិទ្យុទាក់ទង ទៅគ្រប់គោលដៅចេញជួយស្ទាក់ ហើយជនបាញ់បោះសេរីនោះ បានជិះម៉ូតូគេ រត់តាមផ្លូវណតប្រ៊ីជរត់មកផ្លូវវេងស្រេង រួចបត់មករោងចក្រអគ្គិសនីទួលពង្រ ហើយជិះបត់ទៅខាងកើត ប្រហែលជា១០០ម៉ែត្រក្រោយបុរី លឹម ឈាងហាក់ ក៏ត្រូវអាវុធហត្ថខណ្ឌមានជ័យ ចេញឃាត់បានតែម្តង។
ក្រោយពីឃាត់បានភ្លាម ដោយមានការបញ្ជាពីថ្នាក់លើ កំលាំងអាវុធហត្ថក៏បញ្ជូនជនបាញ់បោះនោះទៅ ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងភ្នំពេញដោយមិនបញ្ជាក់ព័ត៌មានច្បាស់នោះទេ៕