ពលករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អេ​ភី​ធី​អែ​ស​អ៊ី​ដែល​នាំ​ពលករ​ទៅ​ក្រៅប្រទេស​ឲ្យ​សង​ប្រាក់​វិញ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2014 ក+ ក-

ភ្នំពេញ​៖ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ បាន មក​តវ៉ា​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ តុលា​។ពួកគាត់​ចោទថាក្រុមហ៊ុន​ឈ្មោះ អេ​ភី ធី​អែ​ស​អ៊ី & ស៊ី ខេ​ម​បូ​ឌា រី​សសស៍ (AP TSE & C Cambodia Resources) បាន​បោកប្រាស់​យកប្រាក់​ពី​ពួកគាត់​ម្នាក់ៗ​អស់​រាប់រយ​ដុល្លារ ដោយ​សន្យាថា​នឹង​រក​ការងារ​ឲ្យ​ពួកគាត់​ធ្វើ​នៅ​ប្រទេស​ថៃ បាន​កម្រៃ​ខ្ពស់​។​

ប្រជាពលរដ្ឋ​មកពី​ខេត្ត​ចំនួន​៦ ដែល​អ្នកខ្លះ​មកពី​ខេត្ត​ព្រះសីហនុ កោះកុង តាកែវ ព្រៃវែង កំពង់ធំ និង​ខេត្តកំពត បាននាំគ្នា​មក​ទាមទារ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ដល់​ពួកគាត់​វិញ ដោយ​ពួកគាត់​អះអាងថា ក្រុមហ៊ុន​មិនបាន​រក​ការងារ​ឲ្យ​ពួកគាត់​បានធ្វើ​តាម​ការ​សន្យា​ឡើយ​។​

ក្រុម​អ្នក​ទាមទារ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​ចំណាយ​ប្រាក់​ម្នាក់ៗ​ចាប់ពី ២៥០​ដុល្លារ​ឡើងទៅ ហើយ​ពួកគាត់​ភាគច្រើន​បាន​ចងការ​ប្រាក់​គេ​។ បន្ទាប់ពី​បាន​បង់ប្រាក់​ហើយ ក្រុមហ៊ុន​បាន​ហៅ​ពួកគាត់​ឲ្យ​ធ្វើដំណើរ​មក​ភ្នំពេញ​ជាច្រើនលើក​ច្រើនសា ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចំណាយ​ប្រាក់​កាន់តែច្រើន​បន្ថែមទៀត​។​

លោក មន សុ​ភី មកពី​ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ថ្លែងថា លោក​កំពុង​រៀបចំ​ដាក់ពាក្យ​បណ្ដឹង​ចំពោះ​ក្រុមហ៊ុន​ពីបទ​ឆបោក​៖ «​ខ្ញុំ បាន​ចុះឈ្មោះ​ធ្វើការ​ទៅ​ប្រទេស​ថៃ​។ ដល់ពេល​រួចហើយ បែរជា​ប្រែ​ក្រឡាស់​វិញ​អត់​បាន​ទៅធ្វើ​វិញ ព្រោះថា​គេ​និយាយ​អត់​ស្មោះត្រង់​។ គេ​សន្យាថា​រយៈ​មួយខែ​កន្លះ​ទៅ​ពីរ​ខែ តែ​ឥឡូវ​មាន​បងប្អូន​ខ្លះ​ឡើង​រហូតដល់ ៥-៦​ខែ​ក៏​មិនទាន់បាន​ទៅ​ដែរ​។ ដូច្នេះ ខ្ញុំ​អត់​ទុកចិត្ត ក៏​ខ្ញុំ​សម្រេចចិត្ត​ដក​ពាក្យ​វិញ ហើយ​ដល់ពេល​ខ្ញុំ​ដក​ពាក្យ​វិញ គេ​កាត់លុយ​ខ្ញុំ​ចំនួន ១៥០​ដុល្លារ​។ ទាំងអស់ ២៥០​ដុល្លារ គេ​ដក ១៥០​ដុល្លារ នៅសល់ ១០០​ដុល្លារ ហើយ ១០០​ដុល្លារ​ហ្នឹង​ក៏​គេ​មិនទាន់​ឲ្យ​ដែរ​រយៈពេល​ខែ​១១ ថ្ងៃទី​១០ បាន​គេ​ឲ្យ​»​។​

​ចំណែក​យុវជន​ដែល​បាន​ទៅដល់​ប្រទេស​ថៃ ហើយ​ទើបតែ​ត្រឡប់មកវិញ​ជាមួយ​គូកន​មួយចំនួន លោក វន សៅ រស់នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ អះអាងថា តម្លៃ​ពលកម្ម និង​លក្ខខណ្ឌ​ការងារ​មិន​ដូច​ការដែល​ក្រុមហ៊ុន​សន្យា​ទេ គឺ​ពុំមាន​ការងារ​អ្វី​ប្រាកដប្រជា​សម្រាប់​ពួកគាត់​ឡើយ​។ លោក វន សៅ ប្ដឹង​ក្រុមហ៊ុន​ពីបទ​ឆបោក និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​៖ «​ក្រុមហ៊ុន អត់​មានការ​ទទួលខុសត្រូវ​ចំពោះ​ពួក​ខ្ញុំ​។ អត់​យកចិត្តទុកដាក់ ក៏​អត់​មាន​មើល​ការខុសត្រូវ​ឲ្យ​បានជា​ប់លាប់​។ ពេល​ពួក​ខ្ញុំ​ធ្វើការ​ហើយ​បាន​ចំនួន ១០​ថ្ងៃ​ហ្នឹង ឲ្យ​ពួក​ខ្ញុំ​សម្រាក អត់​មាន​ការងារ​ធ្វើ​។ ពេល​ក៏មាន​រួច​ទៅ​ហៅ​ទៅធ្វើ​កន្លែង​ផ្សេង មួយថ្ងៃ​អ៊ីចឹង​មក​ក៏​សម្រាក អ៊ីចឹង​ពួក​ខ្ញុំ​ក៏​អត់​ព្រម​ក៏​មក​តវ៉ា​»​។​

ទាក់ទង​នឹង​ការចោទប្រកាន់​នេះ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ដែល​បដិសេធ​មិន​ឲ្យ​ថត​សំឡេង បានបញ្ជាក់​នៅខាងមុខ​ក្រុមហ៊ុន​ថា គ្មាន​ករណី​ដូច​ការលើកឡើង​នេះ​ទេ​។​
​ក្រុមហ៊ុន អេ​ភី ធី​អែ​ស​អ៊ី & ស៊ី ខេ​ម​បូ​ឌា រី​សសស៍ មាន​ទីតាំង​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្នុង​បុរី​ពិភពថ្មី​២​។ នៅលើ​ស្លាក​ក្រុមហ៊ុន មាន​សរសេរថា ទីស្នាក់ការ​ជ្រើសរើស និង​បញ្ជូន​ពលករ​ពល​ការិនី​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​។​

ទោះយ៉ាងណា​ក្ដី មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា ស៊ី​អិ​ល​អ៊ី​ស៊ី (CLEC) លោក ឌី​ខេ ហូ​យ៉ា មានប្រសាសន៍ថា សកម្មភាព​របស់​ក្រុមហ៊ុន​គ្មាន​ចំណុច​ណា​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ស្របច្បាប់ នោះឡើយ​៖ «​អ្នក​ដែល​មកពី​កំពង់ធំ កោះកុង អី​ផ្សេងៗ​ហ្នឹង គឺ​ខាង​ក្រុមហ៊ុន​ណាត់​គាត់​ថា​ត្រូវ​ចេញ​យប់​ហ្នឹង ក៏ប៉ុន្តែ​ពេលមកដល់​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ប្រាប់ថា​គ្នា​តិចពេក​អត់​បានចេញ​ទេ ហើយក៏​គាត់​ត្រឡប់​ទៅវិញ​។ នេះ​ជាការ​ធ្វើការ​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​នេះ​មិនមែន​ត្រឹមតែ​រឿង​ប៉ុណ្ណឹង​ទេ បើតាម​ខ្ញុំ​យក​ព័ត៌មាន និង​សាកសួរ​អ្នកជិតខាង​ហ្នឹង គេ​ថា​មាន​មនុស្ស​ដែល​តវ៉ា​ច្រើនណាស់​ទាក់ទង​នឹង​ការបញ្ជូន​ទៅ​មិន​សម បំណង យកទៅដាក់​ចោល​ក៏ដូចជា​សន្យាថា​នឹង​នាំទៅ ប៉ុន្តែ​មិនបាន​នាំទៅ​អី​អ៊ីចឹងទៅ ហើយ​មាន​ករណី​ដូចជា​ថា​នាំទៅ​ស្របច្បាប់ ក៏ប៉ុន្តែ​មិនបាន​ស្របច្បាប់​អី​ទេ ទៅ​ក្រៅផ្លូវការ ហើយ​មិនមាន​ប៉ាស​ស្ព័​រ​អី​អ៊ីចឹង​ជាដើម​បាទ​»​។​

លោក ឌី​ខេ ហូ​យ៉ា បាន​ផ្ដាំ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ មានការ​ប្រយ័ត្នប្រយែង និង​ស្វែងយល់​ឲ្យ​បាន​ច្បាស់ មុននឹង​ពួកគាត់​ជឿទុកចិត្ត ហើយ​ពឹងពាក់​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ជួយ​រក​ការងារ​ឲ្យ​ធ្វើជា​ពលករ​ចំណាក ស្រុក​នោះ​៕

Untitled-1

​​ស្វែងរក​ការងារ​មក​ទាមទារ​ប្រាក់​របស់​ពួកគាត់​វិញ​ពី ក្រុមហ៊ុន អេ​ភី ធី​អែ​ស​អ៊ី & ស៊ី ខេ​ម​បូ​ឌា រី​សសស៍ (AP TSE & C Cambodia Resources) នា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤​។