បើក​ម៉ូតូ​ជែក​គោយន្ត​ក​មិន​ផុត​ប៉ះ​កន្ទុយ​បណ្តាល​ឲ្យ​ដួល​ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

ខេត្តរតនគិរី​៖​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​គោយន្ត និង​ម៉ូតូ ខណៈ​កំពុងតែ​ធ្វើដំណើរ​ស្រប​ទិស​គ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​។ ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១០​នាទី ថ្ងៃទី​២១ ខែមីនា នេះ​ត្រង់ចំណុច​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​តាម​សាក្សី​បានឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គោយន្ត​បាន​បើក​ពី​ទិសដៅ ពី​លិចទៅ​កើត តាមផ្លូវ​លេខ ៧៨ ស្របពេល​ម៉ូតូ​ជិះ​គ្នា​៣​នាក់ ខណៈ​មកដល់​ភូមិ​ភ្នំ គោយន្ត​បត់​ឡើងមក​ឆ្វេង​ដៃ រួច​ម៉ូតូ​បើក​ជែង ទៅមុខ​តែ​មិន​ផុត ក៏​ប៉ះគ្នា​បណ្តាលអោយ​ដួល​ស្លាប់​មនុស្ស​ពីរ​នាក់ នៅ​កន្លែងកើតហេតុ ឯ​ម្នាក់ទៀត រងរបួស​ធ្ងន់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​។
​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ ណូ រី អាយុ​១៨​ឆ្នាំ ស្លាប់ ទី​២​ឈ្មោះ​ធី ជា អាយុ​១៩​ឆ្នាំ ស្លាប់ និង​ទី​៣​ឈ្មោះ ខូ រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ជនរងគ្រោះ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។ ដោយឡែក អ្នកបើក​គោយន្ត​រត់គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ រួច​សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

b24a6d6c4aa8908cae1b1985ba12f5bf