ខេត្តត្បូងឃ្មុំ៖ជនម្នាក់ក្នុងចំណោមគ្នីគ្នាប្លន់ប្រដាប់អាវុធដ៏សាហាវ៣នាក់ ត្រូវបានបាញ់ស្លាប់ ខណៈជនទាំងនេះកំពុងធ្វើសកម្មភាពប្លន់អាជីវករលក់មាស និងដួរលុយពេលគាត់ត្រឡប់មកពីផ្សារសំដៅទៅផ្ទះ។ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៥ល្ងាចនាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិកណ្ដោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បុរសម្នាក់ដែលជាអាជីវករលក់សាំងរស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ឈ្មោះជា ម៉ាប់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានទូរស័ព្ទទៅលោក ពៅ អាយុ៥៤ឆ្នាំ ជាអាជីវកររកស៊ីដូរលុយនៅផ្សារស្ទឹងថាត្រូវការដូរលុយ។
បន្ទាប់ពីបានណាត់គ្នារួចមករូបលោកក៏បើករថយន្តទៅរង់ចាំនៅផ្ទះមុន ដែលស្ថិតនៅភូមិ-ឃុំខាងលើ ក្រោយមកម្ចាស់ផ្ទះក៏បានជិះម៉ូតូដឹកប្រពន្ធមកដល់។ ខណៈនោះស្រាប់តែមានក្រុមចោរបានជិះម៉ូតូឌុបគ្នា៣នាក់ចូលមកដែរ ម្ចាស់ផ្ទះ ឃើញសភាពបែបនេះក៏ផ្តួលម៉ូតូចោលរត់ចូលទៅក្នុងផ្ទះ។ ចំណែកក្រុមចោរម្នាក់ក្នុងចំណោម៣នាក់បានដកកាំភ្លើងដេញតាមម្ចាស់ផ្ទះតែត្រូវបានម្ចាស់យកកាំភ្លើងពីក្នុងផ្ទះមកបាញ់ត្រូវចោរចំនួន២គ្រាប់ទី១ចំកណ្តាលក្បាល ទី២ចំកៀនក្លៀកខាងស្តាំ បណ្តាលឲ្យជនសង្ស័យម្នាក់នេះប្រកាច់រេកៃកាំភ្លើងបបាញ់រះទៅត្រូវ ម្ចាស់ផ្ទះមួយគ្រាប់ចំប្រអប់ជើងហើយចោរក៏ដួលស្លាប់នៅក្នុងថ្លុកឈាមតែម្តង។
ប្រភព័ត៌មានបន្តទៀតថា ពេលនោះក្រុមចោរបានយកកាំភ្លើងដេញតាមម្ចាស់ផ្ទះនោះលោក ជា ម៉ាប់ ដែលបានយកលុយទៅដូរនោះបានស្រវេស្រវាយកលុយរបស់គាត់រត់តែត្រូវក្រុមចោរ២នាក់ទៀតបានទាញពូថៅដេញកាប់គាត់ ប៉ុន្តែរូបគាត់បានរត់ផ្លោះទៅពួននៅកៀនរថយន្តម្ចាស់ផ្ទះ។ ឆ្លៀតឱកាសនោះ ក្រុមចោរឃើញកញ្ចប់លុយនៅក្បែរនោះក៏ស្រវ៉ាយកលុយហើយជិះម៉ូតូចេញគេចខ្លួនបាត់ទាំង២នាក់តែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នឹងបានដកហូតកាំភ្លើង១ដើម គ្រាប់បែកដៃ១គ្រាប់ សំបកកាទុស៤គ្រាប់និងសំបកកាទុសកាំភ្លើងឡុកចំនួន៤គ្រាប់។
គួរបញ្ជាក់ថា លុយដែលក្រុមចោរបានប្លន់ទៅនោះមានចំនួន ១០.០០០ដុល្លារជាលុយរបស់អាជីវករ។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ជនសង្ស័យទាំង២នាក់បានផ្តួលម៉ូតូម៉ាកឃ្លីកមួយគ្រឿងចោលហើយរត់គេចខ្លួននៅត្រង់ចំណុចមួយស្ថិតក្នុងភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ។បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ចាទោស តាមច្បាប់៕
បក្សពួកចោរដែលស្លាប់នៅផ្ទះកើតហេតុ