រាជធានីភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបផ្ទះសំណាក់ និងកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញៀន២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងប្រើប្រាសគ្រឿងញៀន៣៤នាក់ ក្នុងនោះមានម្ចាស់ផ្ទះសំណាក់ និងអ្នកមើលការខុសត្រូវ២នាក់ទៀត និងវត្ថុតាងថ្នាំញៀន ជិតកន្លះគីឡូក្រាម។
ការចុះបង្ក្រាបទីតាំងទី១ ធ្វើឡើងនាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយផ្ទះសំណាក់ស្រែលាភ ជាប់ផ្លូវរទះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រី៥នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកក៤២កញ្ចប់តូច និងវត្ថុតាងប្រើប្រាស់ មួយចំនួន។
ចំណែកទីតាំងទី២វិញ គឺបង្ក្រាបម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមីនា នៅចំណុចផ្ទះសំណាក់ផ្កាយ៩ តាមបណ្តោយផ្លូវលេខ៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រើប្រាស និងចែកចាយ១៩នាក់ ក្នុងនោះមានម្ចាស់ផ្ទះ និងអ្នកមើលការខុសត្រូវ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់តូចធំ រួមនិងវត្ថុតាងប្រើប្រាស់មួយចំនួន៕