ភ្នំពេញ ៖ មេឈ្មួញឈ្មោះ ថោង សារ៉ាត់ ដែល មានងារជាឧកញ៉ាផងនោះ កំពុងប្រឈមមុខជាមួយអតិថិជនជាច្រើនគ្រួសារជាអ្នកទិញផ្ទះល្វែងបុរី៩៩៩ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋ២៩គ្រួសារដែលទិញផ្ទះ ល្វែងនៅក្នុងបុរី៩៩៩ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវបានចោទប្រកាន់ឧកញ៉ា ថោង សារ៉ាត់ ថាបានលក់សួនច្បារដែលជាទីធ្លា ចតរថយន្តរបស់ពួកគាត់ ដោយរំលោភបំពានលើកិច្ចសន្យាទិញលក់ផ្ទះល្វែងនាពេលកន្លងមក។
ប្រភពពីអតិថិជនចំនួន២៩គ្រួសារបានឲ្យដឹងថា ពួកគាត់ទិញផ្ទះល្វែងក្នុងបុរី៩៩៩ រយៈពេល២ទៅ៣ឆ្នាំមកហើយ ដោយកាលនោះក្រុមហ៊ុនរបស់ឧកញ៉ា ថោង សារ៉ាត់ បានផ្សព្វផ្សាយដោយដាក់បញ្ចូលយ៉ាងច្បាស់ជាមួយតម្លៃគុណភាពទីតាំង ទីធ្លា សួនច្បារ ទើបពួកគាត់ព្រមទិញផ្ទះដើម្បីរស់នៅ ហើយក្រុមហ៊ុនក៏បានសន្យាធ្វើផ្លូវមួយខ្សែចូលទៅបុរីដែលមាន សួនច្បារនៅកណ្តាលផងដែរ។ ប៉ុន្តែក្រោយមកក្រុមហ៊ុន មិនបានអនុវត្តន៍តាមកិច្ចសន្យានោះទេ ហើយដីដែលក្រុមហ៊ុនគ្រោងធ្វើផ្លូវមួយចំហៀងទៀតនោះត្រូវលក់ទៅឲ្យ អ្នកផ្សេងបាត់ទៅហើយ។ មិនតែប៉ុណ្ណោះមេឈ្មួញ ថោង សារ៉ាត់ បានអនុញ្ញាតឲ្យមានការសាងសង់ភោជនីយដ្ឋានលក់គ្រឿងស្រវឹងពេលយប់នៅ សួនច្បារនោះតែម្តង។
អតិថិជនបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ មានជាងមួយក្រុមបានមកឈូសឆាយទីតាំងសួនច្បារនេះ ដោយជីករណ្តៅប្រុងសាងសង់ ប៉ុន្តែពួកគាត់បានហាមឃាត់ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ឈ្មួញយួន ថោង សារ៉ាត់ បានបញ្ជាឲ្យអង្គរក្ស៦នាក់មកការពារការឈូសឆាយសាងសង់សំណង់ថ្មី នាំឲ្យការតវ៉ាជំទាស់កាន់តែខ្លាំងក្លា រហូតមានអភិបាលរងខណ្ឌច្បារអំពៅម្នាក់ជួយសម្របសម្រួលតែឥតប្រយោជន៍។
នៅក្នុងករណីនេះឈ្មួញ ថោង សារ៉ាត់ ជាអ្នករំលោភលើកិច្ចសន្យាដោយខ្លួនឯងតែគេបែរជាដាក់ពាក្យបណ្តឹងទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ប្រជាពលរដ្ឋទាំង២៩គ្រួសារថាបានលួចនិងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ខ្លួន ក្នុងថ្ងៃមានជម្លោះដំបូងទៅវិញ។ នេះជាអំពើដ៏អាក្រក់បំផុតរបស់មេឈ្មួញយួន ថោង សារ៉ាត់ ដែលបំពានកិច្ចសន្យាហើយ ហ៊ានប្តឹងបកទៅអតិថិជនរបស់ខ្លួនថែមទៀត ដូច្នេះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ការមេឈ្មួញ រូបនេះតាមផ្លូវច្បាប់ជាធរមាន៕SSN