សៀមរាម៖ អាជ្ញាធរអប្សរាបានសម្រេចកាត់តម្រឹមដើមស្ពង់ដ៏ធំ និងមានវ័យចំណាស់នៅខ្លោងទ្វាខាងត្បូងនៃប្រាសាទតាព្រហ្មមួយកំណាត់ចោលដើម្បីរក្សាកុំឲ្យមានមហន្តរាយរលំបាក់សង្កត់លើតួប្រាសាទ និងប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែសីហា បានពន្យល់ថាអ្នកជំនាញកំពុងរៀបចំដើម្បីកាត់តម្រឹមដើមស្ពង់ដ៏ធំមួយដែលមានវ័យចំណាស់ព្រោះទៅថ្ងៃមុខអាចបង្កមហន្តរាយបាក់សង្កត់ដល់ប្រាសាទតាព្រហ្ម ។ខណៈនេះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរួមនិងមគ្គុទេសក៍ទេសចរណ៍ផងនោះ ត្រូវបានហាមមិនឲ្យធ្វើដំណើរទៅកាន់ខ្លោងទ្វាខាងត្បូងនៃប្រាសាទតាព្រហ្មមួយរយៈ។
ក្នុងសេចក្តីជូនដំណឹងដដែលបានសរសេរថា បន្ទាប់ពីបានសិក្សាពីផលប៉ះពាល់និងរិះរកវិធានការចំពោះដើមស្ពង់ នេះមក អាជ្ញាធរអប្សរា បានសម្រេចនឹងរុះរើរន្ទា ព្រម ទាំងខ្សែកាបដែលចងទប់នោះចេញ ហើយកាត់តម្រឹមមួយកំណាត់ទៀតចេញ ដើម្បីសម្រាលទម្ងន់សង្កត់ដោយរក្សាកំណាត់ខាងគល់ឲ្យនៅរស់។
គួរបញ្ជាក់ថា នាពេលកន្លងមកមន្ត្រីជំនាញអភិរក្សព្រៃឈើរបស់អាជ្ញាធរអប្សរា ធ្លាប់បានកាប់លះមែកដើមស្ពង់ដែលដុះលើប្រាសាទតាព្រហ្មនេះជាច្រើនដងរួចមកហើយ ព្រមទាំងបានដាក់រន្ទា និងចងខ្សែកាបទាញដើម្បីទល់ទ្រដើមឈើដ៏ចំណាស់នេះបញ្ចៀសកុំឲ្យមានផលវិបាកផ្សេងៗ។ ប៉ុន្តែក្រោយពីតាមដានឃើញថាឫសរបស់វាបានហើបឡើងកាន់តែខ្ពស់ដែលអាចដួលរលំជាយថាហេតុ ទើបអាជ្ញាធរអប្សរា និងដោយមានការជួយពិនិត្យពីជំនាញការឥណ្ឌាបានសម្រេចកាត់តម្រឹមត្រឹមពាក់កណ្ដាលដើមចោលតែម្តង៕ លីណា