សៀមរាប៖សាធារណជនមួយចំនួននៅជិតក្លឹបរាំឌីស្កូហ៊ីបហប (Hip Hop)នៅតែសង្ស័យ ថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យឆាបឆេះ អាចមានច្រើនលើសពី៥នាក់។ ការសង្ស័យនេះ ដោយសារគេសង្កេត ឃើញថា បន្ទាប់ពីកើតហេតុភ្លើងឆេះក្លឹបរាំនោះមក គឺមានម៉ូតូជាច្រើនគ្រឿងមិនឃើញម្ចាស់មកយក ហើយទុកចោលនៅកន្លែងកើតហេតុ។
ប៉ូលិសខេត្តសៀមរាប បានបន្តឆែកឆេរ និងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ម្ដងទៀតនៅក្នុងអគាររបស់ក្លឹប រាំឌីស្កូ ហ៊ីប ហប ដើម្បីបញ្ជាក់ពីចំនួននៃអ្នករងគ្រោះដោយសារអគ្គិភ័យឲ្យច្បាស់លាស់។ ការបន្តពិនិត្យ និងឆែកឆេរនេះ ធ្វើឡើងស្របពេលដែលសាធារណជនខ្លះ នៅតែសង្ស័យថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យ អាចមិនមែនតែ ៥នាក់ទេ គឺច្រើនជាងនេះ។
ស្នងការរងនគរបាលខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះត្រួតពិនិត្យជាថ្មីកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា គឺលោក ថង សាគុណ។ លោកមានប្រសាសន៍ថា ក្លឹបរាំឌីស្កូ ហ៊ីប ហប មិនមានសំណង់ក្រោមដីទេ គឺមានតែ ១ជាន់លើដី។ លោកបានដឹកនាំកម្លាំងត្រួតពិនិត្យនៅក្នុងអគារដែលភ្លើងឆេះសព្វ កន្លែង ហើយរកមិនឃើញអ្នកស្លាប់ណាផ្សេងទៀតដូចមហាជនសង្ស័យនោះឡើយ។
លោក ថង សាគុណ ពន្យល់ថា បន្ទាប់ពីកើតហេតុ គឺពិតជាមានម៉ូតូជាច្រើនគ្រឿងដែលនៅចតចោលជិតកន្លែងកើតហេតុមែន ក៏ប៉ុន្តែម្ចាស់ម៉ូតូទាំងនោះមិនមែនជាជនរងគ្រោះដោយសារអគ្គិភ័យទេ គឺជាម៉ូតូរបស់សមត្ថកិច្ចចម្រុះជាច្រើនផ្នែក មានប៉ូលិស ប៉េអិម និងក្រុមសង្គ្រោះជាច្រើនទៀត ដែលទៅប្រតិបត្តិការ៖ «មានព័ត៌មានថា ស្លាប់បន្តបន្ទាប់នៅកន្លែងកើតហេតុ គឺមិនមានទេ។ ក្នុងនាមខ្ញុំអ្នកពិនិត្យកន្លែងកើតហេតុផ្ទាល់ គឺច្បាស់ហើយ។ ពាក្យចចាមអារ៉ាមថាស្លាប់បន្តបន្ទាប់ច្រើន មិនមែនទេ! ការពិតមានតែ ៥នាក់គត់។ ទីតាំងនេះក្រោយពីយើងពិនិត្យ យើងបានអញ្ជើញខាងសំណង់ខេត្តគេបានមកចូលរួមពិនិត្យជាមួយយើងខ្ញុំ មួយក្រុម ហើយខាងអគ្គិសនីខេត្តក៏គេបានដឹកនាំកម្លាំងគេមួយក្រុមចូលមក ពិនិត្យរួមគ្នា»។
សាក្សីម្នាក់ដែលរងរបួសក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបរាំ ឌីស្កូ ហ៊ីប ហប នោះ ឲ្យដឹងថា នៅពេលដែលភ្លើងឆេះ គឺមិនសូវមានមនុស្សច្រើនទេ គឺមានមនុស្សតែជាង ១០នាក់ ដែលកំពុងរាំ។
ស្ត្រីឈ្មោះ អាត សារ៉ាត អាយុ ២៤ឆ្នាំ ដែលភ្លើងឆេះរលាកដៃទាំងសងខាង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ឲ្យដឹងថា ពេលកើតហេតុ រូបគាត់ និងមនុស្សជាច្រើនទៀត នាំគ្នាស្លន់ស្លោ ដោយមានផ្សែងខ្លាំងពិបាកដកដង្ហើម និងដាច់ភ្លើងងងឹត។ ស្ត្រីដដែលដឹងថា គាត់បានរត់ជាន់មនុស្សនៅពេលសម្រុកចេញក្រៅ ក៏ប៉ុន្តែគាត់មិនដឹងថាមានមនុស្សប៉ុន្មាននាក់ស្លាប់ទេ៖ «ខ្ញុំ ឈ្លក់ផ្សែងធ្លាក់វ៉ែនតា ខ្ញុំមិនដឹងរត់ទៅណារួច ភ្នែកខ្ញុំខ្សោយ ស្រែកឲ្យគេជួយឡើងឈឺកខ្លួនឯង។ ខ្ញុំពាក់អាវដៃវែង ប៉ុន្តែខ្ញុំយកដៃគ្របមុខបិទច្រមុះបិទមាត់ អត់ចង់ឲ្យដកដង្ហើម ព្រោះវាឈ្លក់។ ខ្ញុំរត់ជាន់មនុស្សនៅពេលហ្នឹង ខ្ញុំភ័យខ្លាំងពេក ទៅដល់កន្លែងចុងភៅម្ហូប គេថាចុះមកៗ ពេលខ្ញុំលោតចុះ សន្តិសុខទ្រខ្ញុំពីក្រោម ទៅខ្ញុំសន្លប់បាត់។ មនុស្សប្រហែលជាខ្ទង់ ១០នាក់ទេ ខ្ញុំទៅជាមួយជនជាតិម្នាក់ដែរ ដល់ពេលដាច់ភ្លើងខ្ញុំឱបមួយសន្ទុះគាត់ដួល ប៉ុន្តែខ្លាចតែគាត់រត់ចេញរួចអត់ឃើញគាត់ទេ»។
ចាប់តាំងពីភ្លើងឆេះក្លឹបរាំឌីស្កូ ហ៊ីប ហប កាលពីរំលងអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា រហូតមកដល់ពេលនេះ សមត្ថកិច្ចអះអាងថា មានអ្នកស្លាប់ចំនួន ៥នាក់ ក្នុងនោះមានបុរសជនជាតិអូស្ត្រាលី ម្នាក់ ឈ្មោះ ថម អារីកេសុន (Tom Aricketson) អាយុ ៣៣ឆ្នាំ ស្ត្រីខ្មែរចំនួន ៣នាក់ និងបុរសខ្មែរម្នាក់។ ចំណែកស្ត្រី ២នាក់ដែលរងរបួស ឈ្មោះ អាត សារ៉ាត អាយុ ២៤ឆ្នាំ និងឈ្មោះ យ៉ាត ស្រីម៉ៅ អាយុ ៣៣ឆ្នាំ។
អាជ្ញាធរប៉ាន់ប្រមាណថា ក្លឹបរាំឌីស្កូ ហ៊ីប ហប ដែលឆេះនេះ គឺខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ។
ស្នងការនគរបាលខេត្តសៀមរាប ឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា សមត្ថកិច្ចទទួលបណ្ដឹងពីគ្រួសារអ្នកស្លាប់ដោយសារអគ្គិភ័យនោះចំនួន ៣នាក់ហើយ ដោយទាមទារសំណងជាទឹកប្រាក់ពី ៣.០០០ដុល្លារទៅ ៤.០០០ដុល្លារអាមេរិក៕ rfa
លោកវរសេនីយ៍ឯក ថង សាគុណ ស្នងការនគរបាលខេត្តសៀមរាប ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យ និងឆែកឆេររកអ្នករងគ្រោះនៅក្នុងក្លឹបរាំឌីស្កូ ហ៊ីប ហប (Hip Hop) សាជាថ្មី កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។