លោកហោ ណាំហុង ជួបពិភាក្សា​ជាមួយ តំណាងរាស្ត្រ​អាមេរិក ដើមកំណើត​ខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2014 ក+ ក-

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង រដ្ឋមន្ត្រី​ក្រសួងការបរ ទេស​កម្ពុជា បាន​ជួប​ជាមួយ​លោក រ៉ា​ឌី មុំ (Rady Mom) ដែល ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​តំណាង នៅក្រៅ​ប្រទេសទើបបាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ​ប្រចាំ​តំបន់​ទី​១៨ នៃ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក នៅ​ទីស្តីការ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

ក្រោយ​ជំនួប​ពិភាក្សា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្នុងឋានៈ​ជា​ជនជាតិខ្មែរ លោក​មាន​មោទនភាព​ណាស់ ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​បានជា​ប់​ជា​សមាជិកសភា​មួយរូប នៅ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ហើយ​នេះ​ជា​មោទនភាព​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្រៅ​ប្រទេស​ផងដែរ​។​

លោក ហោ ណាំហុង បន្តថា សង្ឃឹមថា នៅ​ថ្ងៃ​ខាងមុខ​លោក រ៉ា​ឌី មុំ អ្នកតំណាងរាស្ត្រ​ប្រចាំ​តំបន់​ទី​១៨ នៃ​រដ្ឋ​ម៉ាស្សាឈូសេត នឹង​ក្លាយជា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​នៅ​វ៉ាស៊ីនតោន​។​

ជាមួយគ្នា​នោះដែរ​លោក រ៉ា​ឌី មុំ អ្នកតំណាងរាស្ត្រ​ប្រចាំ​តំបន់​ទី​១៨ នៃ​រដ្ឋ​ម៉ាស្សាឈូសេត បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ដែរ​ថា លោក​មានការ​សប្បាយរីករាយ នៅពេលដែល​បានមក​កាន់​ប្រទេស​កម្ពុជា ឃើញ​មានការ​អភិវឌ្ឍន៍ និង​បានឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​។ លោក​បាន​លើកឡើងថា លោក​ជា​កូន​ខ្មែរ​មួយរូប​ដំបូង​គេ ដែល​បាន​ជាប់​ជា​អ្នកតំណាងរាស្ត្រ ប្រចាំ​តំបន់​ទី​១៨ នៃ​រដ្ឋ​ម៉ាស្សាឈូសេត​។​

​សូមបញ្ជាក់ថា លោក រ៉ា​ឌី មុំ ទើបបាន​ជាប់​ជា​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ហើយ​មាន​អាណត្តិ ២​ឆ្នាំ បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាង​៣០ ឆ្នាំ​មកហើយ គឺ​បាន​ទៅ​រស់នៅ​អំឡុង​ដើមឆ្នាំ​១៩៨០ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​លោក កុយ គួ​ង​៕fpm

Untitled-1

 

Untitled-1