ភ្នំពេញ៖នៅថ្ងៃទី២០ វិច្ឆិកា នេះ ក្រសួងពាណិ ជ្ជកម្មបានចេញសេចក្ដី ជូនដំណឹងឲ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្ម ប្រេងសាំងនៅកម្ពុជា ចំនួន៥ បានសម្រេចបញ្ចុះថ្លៃលក់ប្រេងឥន្ធនៈរបស់ខ្លួន។តាមសេចក្តីជូនដំណឹងនោះគឺ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានតែក្រុមហ៊ុនឈ្មោះ សាវីមិច (Savimex) មួយទេដែលបញ្ចុះតម្លៃទាបជាងគេ គឺដោយក្នុងប្រេងមួយលីត្រនឹងបញ្ចុះពី ៥.០៥០រៀល មកត្រឹម ៤.៤៥០រៀល។ ចំណែកក្រុមហ៊ុន៤ផ្សេងទៀតរួមមាន សូគីម៉ិច (Sokimex) តេលា (TELA) ភីធីធី (PTT) និងប៊ីវីអិម (BVM) បានបញ្ចុះតម្លៃពី ៥.០៥០រៀល មកត្រឹម ៤.៧៥០រៀលក្នុងមួយលីត្រ។រីឯក្រុមហ៊ុនប្រេងសាំងដទៃទៀត មិនទាន់ឃើញមានការចុះតម្លៃនេះនៅឡើយទេ។
ការបញ្ចុះតម្លៃរបស់ក្រុមហ៊ុនទាំង៥នេះ ដោយឈរលើមូលដ្ឋានតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិធ្លាក់ថ្លៃ និងមានការស្នើសុំរបស់អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដែលសុំឲ្យរដ្ឋាភិបាល ពិចារណាលើការបញ្ចុះតម្លៃប្រេងសាំងនេះ កាលពីថ្ងៃទី១៧ វិច្ឆិកា។ បច្ចុប្បន្ន តម្លៃប្រេងសាំងអន្តរជាតិក្នុងមួយបារ៉ែលដែលសមាមាត្រនឹង ១៦០លីត្រ មានតម្លៃតិចជាង ១០០ដុល្លារអាមេរិក ឬក្នុងប្រេងសាំងមួយលីត្រ មានតម្លៃតិចជាង ២.៥០០រៀលនៅលើទីផ្សារអន្តរជាតិ៕